ADB ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា ធ្លាក់ចុះ​រហូតដល់ -៥,៥% ក្នុង​ឆ្នាំ២០២០ តែ​រាជរដ្ឋាភិបាល​ថា ថយចុះ​តែ -១,៩%ប៉ុណ្ណោះ

493

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងខែមិថុនានេះ បានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ នឹងដាំក្បាលចុះរហូត -៥,៥ភាគរយ ដោយ​សារវិបត្តិកូវីដ១៩ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែមិថុនានេះ បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាថយចុះត្រឹម -១,៩ភាគរយប៉ុណ្ណោះ។

ទោះការព្យាករណ៍របស់ ADB អំពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធ្លាក់ចុះរហូតដល់ -៥,៥ភាគរយក៏ដោយ ប៉ុន្តែធនាគារនេះ ក៏បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា អាចនឹងងើបឡើងវិញក្នុងកំណើន ៥,៩ភាគរយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រក្សាបានកំណើនរង្វង់ ៧ភាពរយក្នុងមួយឆ្នាំ ហើយការធ្លាក់ចុះនេះ បណ្តាលមកពីវិបត្តិវីរុសកូវីដ-១៩ ដែលបានធ្វើឱ្យរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច និងការថយចុះនៃតម្រូវការខាងក្រៅ។

បើតាម ADB ថា ការធ្លាក់ចុះសេដ្ឋកិច្ចនេះ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលប្រទេសថៃ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះខ្លាំងជាងគេដល់ទៅ -៦,៥ភាគរយ បន្ទាប់មក សិង្ហបុរី ធ្លាក់ចុះ-៦ភាគរយ និងកម្ពុជាធ្លាក់ចុះ-៥,៥ភាគរយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែមិថុនានេះ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះត្រឹមរង្វង់ -១,៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២០ ហើយថា សេដ្ឋកិច្ចកម្ពុជា មិនអាចដួលរលំដោយសារតែជំងឺកូវីដ១៩នោះឡើយ។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំនេះ អាចនឹងមានប្រទេសតិចតួចណាស់ ដែលមានសេដ្ឋកិច្ចវិជ្ជមាន រួមទាំងកម្ពុជាផងដែរ ពោលគឺអាចនឹងសេដ្ឋកិច្ចធ្លាក់ចុះ ដែលមានក្នុងអត្រាអវិជ្ជមាន គឺដកតែម្ដង។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមអ្វីដែលបានប៉ាន់ប្រមាណ និងវាយតម្លៃខាងលើនេះ គឺជាការធ្លាក់ចុះមួយ មិនធ្លាប់មានឡើយក្នុងរយៈពេល ២០ឆ្នាំមកនេះ។

សម្តេចតេជោ បានបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធន ឬក៏ការប្រកាសអាសន្នពីការខ្វះទុននោះទេ។ បច្ចុប្បន្ន កម្ពុជា សល់សាច់លុយសន្សំជាង ៣.៥០០លានដុល្លារ ដោយមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី ១សេន នៅឡើយទេ នៅក្នុងអំឡុងពេលការរាតត្បាតនៃកូវីដ-១៩។ វិបត្តិកូវីដ-១៩ នឹងមិនអាចសម្លាប់រាជរដ្ឋាភិបាលកម្ពុជាបាននោះទេ បើទោះបីជាចំណូលពន្ធគយធ្លាក់ចុះបន្តិចមែន តែមិនបានធ្វើឱ្យប៉ះពាល់ដល់ការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការប្រចាំខែ ព្រោះរាជរដ្ឋាភិបាល មានចំណូលចរន្ត ដែលអាចទប់ទល់ ទោះជាក្នុងអំឡុងពេលវិបត្តិកូវីដ១៩ក៏ដោយ៕

អត្ថបទ៖ គង់ ប៊ុនណា