កម្ពុជា​ គ្រោងបញ្ជូន​ អត្តពលិក ជាង ១០០នាក់ ទៅហាត់នៅចិនចុងឆ្នាំនេះ ដើម្បីត្រៀមស៊ីហ្គេម

809

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិកជាង ១០០នាក់ ទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបន្ថែមថា ភាគីទាំងពីរ(កម្ពុជា-ចិន) បានធ្វើការប្រជុំតាមអនឡាញ កាលពីថ្មីៗរួចមកហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-19 (COVID-19) មានសភាពធូរស្រាលច្រើន ទាំងនៅកម្ពុជា និងចិន។ ហេតុនេះចិន ក៏បើកភ្លើងខៀវក្នុងការទទួលអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅទីនោះឡេីងវិញ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បញ្ជាក់ថា «ចំពោះផែនការហ្វឹកហាត់នៅចិន ភាគីចិនបានដាក់ផែនការជា ២ជម្រើស ផែនការទី១ នៅចុងឆ្នាំ២០២០ បើស្ថានភាពអំណោយផល គឺខែវិច្ឆិកា យើងនឹងបញ្ជូនអត្តពលិក ១១០នាក់ ទៅហាត់នៅចិន ។ ចំណែកផែនការទី២ បើស្ថានភាពមិនអំណោយផលទេ គឺរង់ចាំដល់ខែមីនា ឆ្នាំ២០២១ បានយើងបញ្ជូនទៅ ហើយធ្វើការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ ផង និងស៊ីហ្គេម ឆ្នាំ២០២៣ ផង»

មន្ដ្រីជំនាញកីឡាលោក វ៉ាត់ ចំរើន បានបន្ថែមថា អត្តពលិកជាង ១០០នាក់ ដែលកម្ពុជាគ្រោងបញ្ចូនទៅហ្វឹកហាត់នៅចិន គឺមាន ១២ប្រភេទកីឡា ហើយឥលូវ NOCC ក៏ដូចជា CAMSOC កំពុងធ្វើបច្ចុប្បន្នភាពជាមួយសហព័ន្ធកីឡាជាតិទាំងនោះ ដើម្បីធ្វើការកំណត់កីឡាករ និងគ្រូបង្វឹក សម្រាប់ចេញទៅហ្វឹកហាត់រយៈពេលវែងក្រៅស្រុក ក្នុងន័យស្វែងរកគុណផលកីឡាកម្រិតខ្ពស់ មុនស៊ីហ្គេម ឆ្នាំ២០២៣ ចូលមកដល់៕