ករុណា ពេជ្រ ប្រឹងប្រែង​សម្រេច​តាម​បណ្ដាំ​លោក​ឪពុក ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ដ៏លំបាក

740

(ភ្នំពេញ)៖ តារាចម្រៀង ករុណា ពេជ្រ បានបន្តខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញបំណងប្រាថ្នានៃបណ្ដាំរបស់លោកឪពុក ទោះបីជាស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកក្ដី ព្រោះលោកពិតជាចង់ធ្វើជាកូនកតញ្ញូ ខណៈបំណងទីមួយរបស់លោកឪពុក គឺលោកបានធ្វើសម្រេចរួចទៅហើយ។

ជាមួយ​នឹងអារម្មណ៍ មិនអាចទទួលយកបានពេលដែល​ខ្លួនកំពុងតែអង្គុយនៅមុខផ្នូរដែលបានសង់ទុក ពេលដែលលោកឪពុកចែកឋានទៅ​ តារាចម្រៀង ករុណា ពេជ្រ បាន បានរៀបរាប់យ៉ាងកំសត់តាមបណ្តាញសង្គម ហ្វេសប៊ុក។

សំណេរដែលសរសេរចេញពីអារម្មណ៍ ដែលមិនចង់ឃ្លាតទោះបីពេលវេលាមិនទាន់មកដល់ក្តី តែវាគឺជាការពិតមួយ ដែលនឹងមកដល់ជាក់ច្បាស់ជាមិនខាន។ «អ្នកខ្លះ​ ក៏សើចសប្បាយរីករាយនឹងទទួល​យកការពិត​ .. ហើយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះ តែ​ពិបាកនឹងទទួល​យក ការពិត​ ..ប៉ុន្តែទីបំផុតការពិត​ នៅតែជា​ ការពិត​.ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហើយក៏នៅតែមិនចង់អោយវា ក្លាយជាពិត​ក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៍អោយខ្ញុំត្រៀមចិត្តត្រៀមកាយនូវអ្វីដែលនឹងកើតឡើង នាពេលខាងមុខសំរាប់រូបខ្ញុំ​ …»

លោក ករុណា ពេជ្រ បានសន្ថែមថា «បណ្តាំ​ ៣ របស់ប៉ា​ កាលពីជាង​ ២ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​២អាទិត្យ​ ​គឺ​កូនចាំ​មិនភ្លេច​… ពេលនេះកូនធ្វើបានសំរេចមួយហើយ​ ដែលជាទីកន្លែងសុខសាន្តចុង ក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ហើយ ការកសាងមួយនេះ​ បើប៉ាបានដឹង​ បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភើប​ ជាក់ជាមិនខាន​ …កូនចង់នាំប៉ា​ ទៅឃើញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ ១០០km ពីភ្នំពេញ​ ហើយម្យ៉ាងទៀតមើលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​….. ហ៊ឺ.តាមរយៈស្ថានភាព ជំងឺ​របស់ប៉ា​ ហើយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹង បាន ចំឡងអាយុប៉ាបានយូរ​ ហើយនៅក្បែរកូនបន្តទៀត…អារម្មណ៍មួយនេះ​ ទៅដល់​កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៍ខ្ញុំមួយនេះ…»

​តាមការរៀបរាប់ ករុណា ពេជ្រ បានព្យាយាមគ្រប់វិធី ដើម្បី​បានសម្រេចគោល ដៅចុងក្រោយ ដែលប៉ារបស់លោកបានផ្តាំ មុនពេលដែលគាត់បានធ្លាក់ខ្លួនឈឺជំងឺ ដាច់សរសៃឈាមខួរក្បាល។

ចំណែក​ការស្នើសុំពីរទៀតសម្រាប់អ្នកមានគុណ តារាចម្រៀង ករុណា ពេជ្រ មិនត្រូវ​បានបង្ហាញឡើយ ប៉ុន្តែកូនប្រុស​រូបនេះ តែងតែធ្វើបំពេញតាមតម្រូវការ និងបំណងលោកឪពុកជាបន្តបន្ទាប់៕