ក្រោយពីអវត្តមាន អស់មួយរយៈធំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញព្រះភ័ក្រ្ក នៅក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសហជីវិនី សហជីវិន ជាងពីររយនាក់ មកពីគ្រប់បណ្តារាជធានីខេត្ត ខណៈព្រះរោគរបស់ព្រះអង្គ បានធូរស្រាលជាបន្តបន្ទាប់។
ពិធីជួបជុំសំណេះសំណាលនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅដំណាក់ព្រះអង្គវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីមានបន្ទូលសំណេះសំណាល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានយាងសោយ អាហារសាមគ្គីរួមគ្នា ជាមួយនឹងសហជីវិនី សហជីវិន ផងដែរ។

ក្នុងឱកាសនេះដែរ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងជាប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូល អំពាវនាវដល់សហជីវិនី សហជីវិន គណបក្សទាំងអស់ ត្រូវរួបរួមគ្នា សាមគ្គីភាពជាធ្លុងមួយ ឈប់ឈ្លោះប្រកែកគ្នា។ ប្រសិនបើសហជីវិនី សហជីវិន នៅតាមបណ្តាខេត្តជួបប្រទះបញ្ហាអ្វីត្រូវទូលថ្វាយដល់ទ្រង់ ដើម្បីទ្រង់រកវិធីដោះស្រាយជូនភ្លាមៗ ជាពិសេសអ្នកគាំទ្រនៅមូលដ្ឋានតែម្តង។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ មានបន្ទូលរំលឹកថា កាលពីអតីតកាលគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច គឺជាគ្រួសារដ៏ធំមួយ ដែលកាលណោះគណបក្សទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងនគរ ធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ ក៏ប៉ុន្តែក្រោយៗមកនេះ ផ្ទៃក្នុងគណបក្សបានបាក់បែកគ្នា ទៅបង្កើតគណបក្សផ្សេងៗ ដូច្នេះ ទ្រង់សូមអំពាវនាវដល់អ្នករាជានិយមទាំងអស់ ត្រូវរួបរួមគ្នាធ្វើការជាមួយគ្នា ដើម្បីរបបរាជានិយមនៅកម្ពុជា ឱ្យមានអានុភាពដូចអតីតកាលឡើងវិញ៕