ភ្នំពេញ៖ សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច ចិន-អាមេរិក នឹងជះផលប៉ះពាល់ជា “អវិជ្ជមាន” ចំពោះប្រទេសទាំងអស់ បើទោះជាប្រទេសនោះ មានសេដ្ឋកិច្ចតូចក្តី ធំក្តី តែចំពោះប្រទេសកម្ពុជា នៅពុំទាន់ទទួលផលប៉ះពាល់ណាមួយ ចេញពីសង្គ្រាមពាណិជ្ជកម្មនេះនៅឡើយទេ។
នេះគឺជាការថ្លែងបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយ គណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន នៅកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ។
លោកទេសរដ្ឋមន្រ្តីបានថ្លែងថា ចំពោះប្រទេសកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម យើងមិនទាន់ទទួលផលប៉ះពាល់ អវិជ្ជមាន ភ្លាមៗ កើតចេញពីសង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក នេះនោះទេ ព្រោះថា សេដ្ឋកិច្ចប្រទេសកម្ពុជា ទោះបីជាសេដ្ឋកិច្ចតូច តែបើកចំហ មានភាពអំណោយផល ទីផ្សារផលិតផលនាំចេញរបស់កម្ពុជាចម្រុះ សម្រាប់ទាំងទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប ។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា តាមទិន្នន័យស្ថិតិចុងក្រោយ ការនាំចេញ ក៏ដូចជា វិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា នៅតែបន្តមានកំណើនល្អប្រសើរ។ ប្រការនេះ អាចមានន័យថា សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក ក៏អាចបង្កើតជាឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញរបស់ខ្លួន និងទាញយកលំហូរវិនិយោគបន្ថែមទៀតដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីសង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក នៅតែអូសបន្លាយរយៈពេលវែងនោះ ប្រទែសកម្ពុជា អាចនឹងប្រឈមផលប៉ះពាល់ អវិជ្ជមាន ដូចជា ការថយចុះនៃលំហូរភ្ញៀវទេសចរអន្តរជាតិ និងលំហូរទុនវិនិយោគបរទេស ដែលបណ្តាលមកពីកំណើនយឺត នៃសេដ្ឋកិច្ចសកលលោក។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងវេទិកាផ្នែកឯកជន និងរដ្ឋាភិបាលលើកទី១៨ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ចេញនូវវិធានការមុតស្រួចជាកញ្ចប់មួយចំនួន ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក៏ដូចជា ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដែលក្នុងនោះរួមមាន ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកាត់បន្ថយថ្លៃអគ្គិសនី, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបន្តកំណែទម្រង់ស្ថាប័នជាដើម៕