ឆមាស​ទី១ឆ្នំា ២០២០នេះ វិស័យ​សំណង់​កម្ពុជា បានបង្កើត​ការងារ​កើនឡើង​ជាង ២៧%

745

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅក្នុងឆមាសទី ១ឆ្នាំ ២០២០នេះ វិស័យសំណង់កម្ពុជា បានបង្កើតការងារ គិតជាមធ្យមប្រមាណ ១៧០.០៥៩នាក់ ទៅ ១៧០.១០០នាក់ ក្នុងមួយថ្ងៃ។ តួលេខនេះ បានកើនឡើងប្រមាណ ២៧,១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អត្រាកំណើននេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងពិភពលោក ប៉ុន្តែវិស័យសំណង់នៅកម្ពុជា នៅតែរក្សាបានកំណើនវិនិយោគដដែល ដោយវិនិយោគិននៅតែមានជំនឿទុកចិត្តចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា។

ទោះជាយ៉ាងណារបាយការណ៍ដដែលនេះ បានបង្ហាញពីការធ្លាក់ចុះនៃចំនួនកម្លាំងពលកម្ម បម្រើក្នុងវិស័យសំណង់នៅរាជធានីភ្នំពេញប្រមាណ ៤៣ភាគរយ ពោលគឺជាមធ្យមចំនួន ៤៣.៥០០នាក់ នៅក្នុងឆមាសទី ១ឆ្នាំ ២០១៩ មកនៅ ២៤.៥០០នាក់ ក្នុងមួយថ្ងៃ នៅឆមាសទី១ឆ្នាំ ២០២០។

តាមរយៈនៃការសិក្សាស្រាវជ្រាវក្នុងឆមាសទី ១ឆ្នាំ ២០២០នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញ ក្នុងមួយថ្ងៃអាចទទួលបានពី ៤ម៉ឺនរៀល ដល់ ៦ម៉ឺនរៀល កម្មករមានជំនាញ និងមេជាងក្នុងមួយថ្ងៃអាចទទួលបានពី ៦ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងៗទៀត ក្នុងមួយខែអាចទទួលបានប្រាក់បៀវត្សពី ៤០០ដុល្លារ ទៅ ២៥០០ដុល្លារ។

របាយការណ៍បានបញ្ជាក់ទៀតថា សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឱ្យសាងសង់មានចំនួន ២.៥២២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ៨,៦លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៣,៨ពាន់លានដុល្លារ បានកើនឡើង ១៣,២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះសំណង់លំនៅឋានសរុបមានចំនួន ២.០៩៧គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ៤,៥លានម៉ែត្រការ៉េ មានទុនវិនិយោគសរុបប្រមាណជិត ១,៨ពាន់លានដុល្លារ ។

ក្នុងនោះ សំណង់បុរីលំនៅឋាន និងបណ្ដុំលំនៅឋានលក្ខណៈបុរី នៅទូទាំងប្រទេស គឺមាន៣៦គម្រោង ស្មើនឹងចំនួនផ្ទះ ៦.៥៦២ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង ១,៨លានម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប្រមាណជិត ៦៥០លានដុល្លារអាមេរិក។

រយៈពេលឆមាសទី១ នៃឆ្នាំ ២០២០ គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ មានចំនួន២១៦គម្រោង ស្មើនឹង ២៣៤អគារ។ ដោយឡែក ចំពោះខេត្តព្រះសីហនុ មានគម្រោងខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ មានប្រមាណ ៦៧គម្រោង ស្មើនឹង ៦៩អគារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានឱ្យដឹងផងដែរថា ក្រសួងបានទទួលពាក្យស្នើសុំលិខិតអនុញ្ញាត បើកការដ្ឋានបានចំនួន ៥៣គម្រោង និងបានផ្ដល់លិខិតអនុញ្ញាតឱ្យបើកការដ្ឋានសំណង់ចំនួន ៥៤គម្រោង (គិតចាប់ពីអនុវត្ត ដល់ខែមិថុនា ឆ្នាំ២០២០ បានផ្ដល់ចំនួន ១.៩៥៤គម្រោង)៕

អត្ថបទ៖ សៀម ប៊ុនធី