ក្រុមហ៊ុន​​ជប៉ុន កំពុង​​សម្លឹងមើល​​ទីតាំង​​វិនិយោគ​​នៅ​កម្ពុជា លើ​​វិស័យ​ទេសចរណ៍

877

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) បានឱ្យដឹងថា វិនិយោគិនជប៉ុន បានចាប់ផ្តើមសម្លឹងមើលទីតាំងវិនិយោគនៅកម្ពុជា ខាងវិស័យទេសចរណ៍។

ក្នុងជំនួបនោះ លោក ថោង ខុន បានបង្ហាញពីសភាពការណ៍ថ្មីៗ ក៏ដូចជាការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា នាកំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩។ មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានកំណើនទេសចរក្នុងស្រុកច្រើនឡើងៗ ខណៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមុខព្រួញនៃប្រតិបត្តិការទេសចរណ៍ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់នៅទូទាំងប្រទេស ពិសេសនៅតាមមូលដ្ឋានអាជីវកម្មសំខាន់ៗចំនួន ៦ រួមមាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ មូលដ្ឋានសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន។

ក្រៅពីនោះ រដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ប្រាប់ប្រតិភូសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាផងដែរ អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរីនៃភូមិភាគឦសាន និងខេត្តកែប និងការអភិវឌ្ឍន៍ គោលដៅសេសដ្ឋកិច្ចពហុបំណងនៅក្រុងព្រះសីហនុ នៃតំបន់ឆ្នេរសមុទ្រភូមិភាគនិរតី។ តំបន់សំខាន់ទាំងបីខាងលើនេះ ចាំបាច់ត្រូវការអ្នកវិនិយោគអន្តរជាតិជាច្រើនក្នុងការបណ្ដាក់ទុកវិនិយោគ និងជួយអភិវឌ្ឍន៍បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ។ ដូច្នេះជាឱកាសដ៏ល្អបំផុតសម្រាប់សមាជិករបស់សមាគម JBAC ដែរ ក្នុងការបង្កើនការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

លោក ខាន់ដា បានថ្លែងថា តាមពិតទៅសមាគម JBAC របស់លោកមានគម្រោងបង្កើនការវិនិយោគបន្ថែមនៅប្រទេសកម្ពុជាដែរ ប៉ុន្តែដោយសារកំលុងពេលនេះ ពិភពលោកទាំងមូលកំពុងជួបវិបត្តិកូវីដ-១៩ ទើបសមាជិកទាំងឡាយផ្អាកគម្រោងរបស់ខ្លួនសិន ហើយកំពុងរង់ចាំស្ដាប់ព័ត៌មានអំពីការវិវត្តថ្មីៗបន្ថែម។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅតែស្ថិតក្នុងគម្រោងវិនិយោគបន្ថែមរបស់ពួកគេជានិច្ច។

ប្រធាន JBAC រូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ ផុតរលត់ពីពិភពលោកនេះទៅ លោកនឹងជំរុញទាក់ទាញឱ្យសមាជិករបស់សមាគមបង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពិសេសគឺការវិនិយោគលើវិស័យទេសចរណ៍នេះតែម្ដង និងបានសន្យាថានឹងពង្រឹងកិច្ចសហការក៏ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍនភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសមិត្តទាំងពីរ៕

ដោយ៖ គង់ ប៊ុនណា