សប្ដាហ៍ទី១​នៃខែមិថុនា អ្នកទេសចរ​ក្នុងស្រុក ជាង ១៥ម៉ឺននាក់ ចេញ​ដើរកម្សាន្ត​ទូទាំង ​ប្រទេសកម្ពុជា

48

ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២នាក់ បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ដែលកំណើននេះ ស្មើនឹង ២៤.២០ភាគរយ ធៀបនឹងសប្តាហ៍មុន។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែមិថុនា  ឆ្នាំ២០២០។

លោក ថោង ខុន បានឱ្យដឹងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (១-៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២នាក់ កើនឡើង ២៤.២០ភាគរយ ធៀបនឹងសប្តាហ៍មុន។ ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនោះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦នាក់ កើនឡើង ២៤.០៧ភាគរយ ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦នាក់ កើនឡើង ៣០.៤៣ភាគរយ។

ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរផ្ទៃក្នុង បានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០ភាគរយ នៃទេសចរផ្ទៃក្នុងសរុប)។

សម្រាប់ខេត្តបាត់ដំបង បានសង្កេតឃើញថា កើនឡើងជាង ១៣ភាគរយ នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ចំណែកខេត្តសៀមរាប បានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរ នៅមិនទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានបើកដំណើរការអាជីវកម្មឡើងវិញ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរជាតិច្រើនគួរសម បានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕