ការ ​ចុះបញ្ជី​អាជីវកម្ម តាម​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​ចាប់ផ្តើម​អនុវត្តហើយ

652

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជាផ្លូវការពីការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចាប់ពីពាក់កណ្តាល ខែមិថុនានេះតទៅ។

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ ដើម្បីធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរ និងលើកកម្ពស់ការប្រកួតប្រជែងកម្ពុជា។

តាមការគ្រោងទុក លោកឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធថ្មីនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមអនុក្រឹត្យ ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា អនុក្រឹត្យនេះ មានគោលបំណងសម្រួល និងបង្កបរិយាកាសល្អ ដល់ការបង្កើតអាជីវកម្ម តាមរយៈការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគនៅកម្ពុជា។

អនុក្រឹត្យនេះ ក៏មានគោលដៅ កំណត់នីតិវិធី លក្ខខណ្ឌតម្រូវ និងការអនុញ្ញាត ដល់ការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចុះបញ្ជីអាជីវកម្មនៅកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមានដែលក្នុងនោះ រួមមាន៖

ទី១- ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម

ទី២-ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទី៣-ការពិនិត្យ និងទទួលសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស ដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ

និងទី៤-ការចុះបញ្ជី គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ អេង ស្រីទៀង​