ភ្នំពេញៈ គណៈកម្មការអឺរ៉ុប បានសម្រេចជាផ្លូវការ ក្នុងការយកពន្ធគយ ទៅលើការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដោយវិធានការនេះ នឹងត្រូវអនុវត្តសន្សឹមៗ ក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីមានការរកឃើញថា របស់ប្រទេសទាំង២នេះ ប៉ះពាល់ដល់ប្រទេសផលិតអង្ករ នៅក្នុងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប បានបន្តទៀតថា គិតចាប់ពីថ្ងៃទី ១៨ ខែមករានេះតទៅ សហភាពអឺរ៉ុបធ្វើការដកហូតពន្ធគយ ឡើងវិញលើការនាំចូលអង្ករ មកពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនៅក្នុងឆ្នាំទី ១ ធ្វើការយកពន្ធចំនួន ១៧៥ អឺរ៉ូ (ប្រហែល ២០០ ដុល្លារ) ក្នុងមួយតោនអង្ករ, ឆ្នាំទី២ ចំនួន ១៥០ អឺរ៉ូ (ប្រហែល ១៧០ដុល្លារ) ក្នុងមួយតោនអង្ករ, នៅឆ្នាំទី៣ ចំនួន ១២៥ អឺរ៉ូ (ប្រហែល ១៤៥ដុល្លារ) ក្នុងមួយតោនអង្ករ។

សេចក្តីសម្រេចនេះកើតមានឡើង បន្ទាប់ពីការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងកាលពីឆ្នាំមុន បន្ទាប់ពីមានសំណើពីរដ្ឋាភិបាលអ៉ីតាលី និងមានការគាំទ្រពីប្រទេសផលិតអង្ករផ្សេងទៀត ដូចជា អេស្ប៉ាញ បារាំង ព័រទុយហ្កាល ក្រិច ហុងគ្រី រ៉ូម៉ានី និងប៊ុលហ្ការី ដោយសារតែគេបានរកឃើញថា ការនាំចូលអង្ករពីប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា បានប៉ះពាល់ដល់ប្រទេសផលិតអង្ករ នៅសហភាពអឺរ៉ុប៕