ភ្នំពេញ៖ បន្ទាប់ពីផលិតកម្មសាន់ដេ បានផលិតបទចម្រៀងមួយបទ ដែលមានចំណងជើងថា «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ដោយបានកាឡៃបទភ្លេងពីបទ «ថ្ងៃដែលអូនចុកឈាម ឬនឹកភូមិភ្នំធំ» ដែលជាមរតកដើមពីកវីនិពន្ធ គង្គ ប៊ុនឈឿន បានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងត្រូវក្រុមគ្រួសាររបស់លោកកវី គង្គ ប៊ុនឈឿន គ្រោងប្តឹងទៅកាន់ភាគីពាក់ព័ន្ធផងដែរ ចំពោះទង្វើមិនចេះខ្មាស់អៀននេះ។
បទកាឡៃរបស់ផលិតកម្មសាន់ដេ ត្រូវបានច្រៀងដោយ នាយ ចឺម ជាមួយនឹងការដាក់និពន្ធបទភ្លេងដោយ Boty និង Jane Roffer។
ក្រុមគ្រួសាររបស់កវី គង្គ ប៊ុនឈឿន បានចេញមកប្រតិកម្ម និងគ្រោងរៀបចំឯកសារពាក់ព័ន្ធ ទៅកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ហា នៃក្រសួងវប្បធម៌ ដើម្បីប្តឹងឲ្យផលិតកម្មសាន់ដេ ឲ្យបញ្ឈប់នូវការចាក់ផ្សាយបទចម្រៀងរបស់នាយ ចឺម ខាងលើនេះ។
ក្រុមគ្រួសាររបស់កវីស្ទឹងសង្កែ បានចាត់ទុកទង្វើនេះ គឺជាការប្រមាថដល់ស្នាដៃម្ចាស់ដើម និងជាការបំផ្លាញនូវស្នាដៃ ដែលជាមរតកដើមផងដែរ៕