ផ្ទុះថ្មទូរស័ព្ទ នៅលើយន្តហោះ បង្ខំឱ្យជើងហោះហើរ របស់ AirAsia ចុះចតបន្ទាន់នៅ វៀតណាម

793

ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានស្នើសុំការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន Tan Son Nhat នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃពុធ បន្ទាប់ពីមានហេតុការណ៍​ ផ្ទុះថ្មទូរស័ព្ទ បណ្ដាលអោយអ្នកដំណើរជនជាតិចិនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។

VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង ប្រហែលពីរម៉ោង បន្ទាប់ពីយន្តហោះចាប់ផ្តើមហោះហើរ ទៅកាន់ទីក្រុងហុងកុង ពីប្រទេសម៉ាឡេស៊ី។

ក្រោយពីយន្តហោះចុះចត ជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទជនជាតិចិន អាយុ ២៦ឆ្នាំ ត្រូវបានដឹក ទៅកាន់មន្ទីរពេទ្យជោរៃ ដែលមានចម្ងាយប្រហែល ៨ គីឡូម៉ែត្រ​ ពី អាកាសយានដ្ឋាន Tan Son Nhat។

ក្រុមគ្រូពេទ្យបាននិយាយថា ជនរងគ្រោះបានរលាក ២០ ភាគរយ ដែលភាគច្រើន នៅដៃឆ្វេង ជើងខាងឆ្វេង គូទខាងឆ្វេង និងភ្លៅខាងក្រោយខាងឆ្វេង។ បន្ទាប់ពីការព្យាបាលសុខភាព ជនរងគ្រោះមានស្ថេរភាព ហើយគាត់បានចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍។

ការហោះហើរ ត្រូវបានពន្យារពេលអស់ជាច្រើនម៉ោង ហើយបានហោះចេញ ពីអាកាសយានដ្ឋាន Tan Son Nhat នៅម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍៕