ស្ថាបនិក “​មី​ល្ពៅ​” លោក វ៉ាន់ គិ​ម​វ៉ាង​៖ “​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​….”

6217

​ភ្នំពេញ​៖ “​មី​ល្ពៅ​” ដែល​ស្រាវជ្រាវ​និង​ផលិតឡើង​ដោយ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណីអាហារ ​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង ដែលបាន​ល្បី​រន្ទឺ​ពេញ​បណ្ដាញ​សង្គម និង​ក្នុង​ប្រទេស​កម្ពុជា រហូតដល់​មាន​អ្នកវិនិយោគ​ មានបំណង​បោះទុន​វិនិយោគ​ដើម្បីផលិត “​មី​ល្ពៅ​” ក៏ប៉ុន្តែ​បំណងប្រាថ្នានេះ ត្រូវបាន​អ្នក​ស្ថាបនិក លោក វ៉ាន់ គិ​ម​វ៉ាង បដិសេធ​មិន​ទទួល យក​ការសុំ​វិនិយោគ​ជាដាច់ខាត​។​

លោក វ៉ាន់ គិ​ម​វ៉ាង វ័យ ២៦ ឆ្នាំ​រូបនេះ បានប្រកាស​ការ​ពី​សប្ដាហ៍​មុននេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន​ថា “​មី​ល្ពៅ​ខ្មែរ​បាត់ដំបង​សូម​ប្រកាស​ជា​ផ្លូវការ​ថា ខ្ញុំ​សូម​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បានទទួល​វិនិយោគ​ពី​ខាង​ណា​ដែរ​។ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​វា​ដោយ​ខ្លួនឯង ទោះ​លំបាក​យ៉ាងណាក៏ដោយ​”​។​

លោក វ៉ាន់ គិ​ម​វ៉ាង

ទោះបីជា​យ៉ាងណាក៏ដោយ យើង​មិនអាច​ដឹង​ពី​មូលហេតុ ឲ្យ​ប្រាកដ​ថាហេតុ​អ្វី​បានជា ស្ថាបនិក “​មី​ល្ពៅ​” រូបនេះ​បដិសេធ​មិន​ទទួលយក​ការសុំ​វិនិយោគ ខណៈដែល​ការសិក្សា​ស្រាវជ្រាវ​របស់ខ្លួន គឺមាន​បំណង​ជួយ​ដល់​កសិករ​ខ្មែរ​ ដែល​ដាំ​ដំណាំ​ល្ពៅ​នោះ។​

​យោងតាម​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ បាន​ចុះផ្សាយ​ពី​ដំណើរ​ជីវិត​ និង​ការ​ឈានដល់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ផលិត​មី​ល្ពៅ​នេះ​ឡើង របស់ស្ថាបនិក “​មី​ល្ពៅ​” នេះ​ថា ដើមទង​ដែល​នាំ​ឲ្យ​រូបគេ ស្រាវជ្រាវ​បង្កើត មី​ល្ពៅ នេះ​ឡើង​ដោយសារតែ នៅ​ឆ្នាំ​២០១៥ ដំណាំ​ល្ពៅ​របស់​កសិករ​ខ្មែរ​ទទួលបាន​ផល​ច្រើន ធ្វើ​ឲ្យ​ឈ្មួញ​ថៃ​ឲ្យ​តម្លៃថោក រហូតដល់​កសិករ​ខ្មែរ​ខឹង​ក៏​យក​ល្ពៅ​ទាំងនោះ​ ចាក់ចោល​កណ្ដាលផ្លូវ​។ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ លោក វ៉ាន់ គិ​ម​វ៉ាង រំជួលចិត្ត ខឹង​ពួក​ឈ្មួញ និង​អាណិត​ដល់​កសិករ​ខ្មែរ ដែល​ខិតខំ​ដាំ​រហូត​បាន​ផល​ហើយ បែរជា​មិនមាន​ទីផ្សារ ឬ​ត្រូវគេ​ឲ្យ​តម្លៃ​ទាប​ទៅវិញ​។​

មីល្ពៅ

​លោក វ៉ាន់ គិ​ម​វ៉ាង ក៏សម្រេច​ធ្វើ​គម្រោង​ស្រាវជ្រាវ និង​ច្នៃ​ផលិតផល​ចេញពី​ផ្លែ​ល្ពៅ ដោយ​ទទួលបាន​ការណែនាំ​ពី​លោកគ្រូ​ម្នាក់ និង​ជំរុញ​ឲ្យ​ធ្វើ​មី​ពី​ផ្លែ​ល្ពៅ នៅពេល​គេ​ចូល​សិក្សា​នៅ​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រ​ចំណីអាហារ​។​

​ស្ថាបនិក “​មី​ល្ពៅ​” បាន​ប្រាប់​ទៅ​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​ទូរស័ព្ទ​ថា “​ព្រោះតែ​ចិត្ត​ស្រឡាញ់ ហើយ​ចង់​សិក្សា​ធ្វើ​មី​ហ្នឹង ​គឺ​ខ្ញុំ​ដេក​នៅ​សាកល​រហូត។ ខ្ញុំ​ខំប្រឹង​ធ្វើ​មី​ហ្នឹង​ដាច់​យប់ ហើយ​ជួនកាល​ទល់​ភ្លឺ​ក៏មាន។ ពេលណា​គេង​អ៊ីចឹងទៅ ស្រាប់តែ​ក្រោក​កណ្តាលយប់ ពេលខ្លះ​ក្រោក​ម​កមានអ្វី​ពិសេស ឬ​ជា​គំនិត​ថ្មី​អ៊ីចឹង​ខ្ញុំ​កត់​ទុក ហើយ​យក​វា​ទៅ​បន្ថែម​ក្នុង​ការផលិត​ហ្នឹង​”​។​

​ការស្រាវជ្រាវ​របស់ លោក វ៉ាន់ គិ​ម​វ៉ាង ក្នុងការ​ផលិត​មី​ពី​ផ្លែ​ល្ពៅ ក៏​ជា​សា​រណា​បញ្ចប់​ការសិក្សា​របស់ខ្លួន​នៅ​ឆ្នាំ​២០១៧​ដែរ ប៉ុន្តែ​បានតែសម្រេចបានតែ ៧០​ភាគរយ​ប៉ុណ្ណោះ តែ​បន្ទាប់ពី​ចូល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​នៅ​ភ្នំពេញ ដើម្បី​ក្រេប​យកចំណេះ​ដឹង​ពី​ការផលិត​អាហារ​មានគុណ​ភាព និង​សុវត្ថិភាព​អស់​រយៈពេល ៦​ខែ រួមផ្សំនឹង​ការស្រាវជ្រាវ​បន្ថែមដោយខ្លួនឯង ​ក៏​សម្រេចចេញ​ជា​លទ្ធផល ​នៅ​ចុងខែ​កម​រា​ ឆ្នាំ​២០១៩​នេះ​។​

​តើ​ការសម្រេចចិត្ត​មិន​ទទួល​ការវិនិយោគ​របស់ ស្ថាបនិក “​មី​ល្ពៅ​” លោក វ៉ាន់ គិ​ម​វ៉ាង អាច​ជំរុញ​ឲ្យ​ក្ដី​ស្រមៃ ក្នុង​ការជួយ​ដល់​កសិករ​ខ្មែរ ​ក្លាយជា​ពិត​ដែរឬទេ​?​