ភ្នំពេញ៖ បន្ទាប់ពីក្រុម Cambodia All Star បានយកឈ្នះក្រុមរបស់លីគថៃ Muangthong United ដោយលទ្ធផល ២-១ រួចមក អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី ត្រូវបាន Fresh News ដកស្រង់សម្ដីថា មានអារម្មណ៍ញញើតក្នុងការចាប់បាល់នៅឡើយ បើទោះបានចូលហ្វឹកហាត់ឡើងវិញនាចុងខែធ្នូហើយក្តី។
លោក ស៊ូ យ៉ាទី បានប្រាប់ថា “របួសសឹងជា ១០០ភាគរយទៅហើយ ប៉ុន្តែដោយសារយើងធ្លាប់របួសអញ្ចឹង យើងចេះតែមានអារម្មណ៍មួយស្រៀវៗ ខ្លាចៗ បារម្ភក្រែងត្រូវរបួសចាស់ហ្នឹងម្ដងទៀត។ រាល់ពេលហាត់ ឬប្រកួតអីហ្នឹង ខ្ញុំប្រយ័ត្នខ្លាំងដែរ ទាំងការរុំដៃឲ្យបានល្អ និងការពារខ្លួនពេលគេទាត់ម្ដងៗ”។
គួររំម្លឹកផងដែរថា អ្នកចាំទី ស៊ូ យ៉ាទី បានរងរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេង ក្នុងជំនួបបិទរដូវកាលរវាងណាហ្គាវើល និងវិសាខា នាខែកញ្ញាឆ្នាំ២០១៨ ហើយរូបគេបាត់បង់ឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 ផងដែរ៕