ថៃ៖ បេក្ខភាពរបស់ម្ទាស់ក្សត្រី អ៊ូបុល រតនា ក្នុងការឈរឈ្មោះ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនៅក្នុងប្រទេសថៃ ត្រូវបានបានជំទាស់ ដោយព្រះមហាក្សត្រថៃ មហាវិជ្ជីរ៉ាឡុងកន។
សេចក្ដីប្រកាសជាសាធារណៈមួយដែលចេញពីព្រះបរមរាជវាំង ប្រឆាំងការចូលរួមនៅក្នុងនយោបាលរបស់ម្ចាស់ក្សត្រីអង្គនេះ កាលពីថ្ងៃទី៩ ខែកុម្ភៈ ដោយពីការប្រកាសឈរឈ្មោះបានតែមួយថ្ងៃប៉ុណ្ណោះ។
ព្រះមហាក្សត្រនៃប្រទេសថៃ មហាវិជ្ជីរ៉ាឡុងកន បានព្រះរាជបន្ទូល ថាសេចក្តីប្រកាសរបស់ម្ចាស់ក្សត្រី អ៊ូបុល រតនា ដែលត្រូវជាព្រះរាម ក្នុងការឈរឈ្មោះដើម្បីកាន់តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតជាតិរបស់ប្រទេសថៃ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា គឺមិនសមរម្យ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។
ម្ទាស់ក្សត្រី អ៊ូបុល រតនា បានបង្ហោះសារមួយកាលពីព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី ៩ ខែកុម្ភៈ) អរគុណចំពោះអ្នកគាំទ្ររបស់ទ្រង់ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយអំពីបេក្ខភាពរបស់ទ្រង់ឡើយ ក្រោយពីមានការជំទាស់ពីព្រះមហាក្សត្រថៃ។
ការបង្ហោះសារនេះនៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីព្រះមហាក្សត្រថៃ បានជំទាស់មិនឱ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ធ្វើជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី នៃគណបក្សដែលគាំទ្រលោកថាក់ស៊ីន។
ព្រះមហាក្សត្រថៃបានមានព្រះរាជបន្ទូល នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “ការចូលរួមរបស់សមាជិកជាន់ខ្ពស់ នៃរាជវង្សានុវង្ស នៅក្នុងឆាកនយោបាយតាមវិធីណាក៏ដោយ គឺជាសកម្មភាពមួយ ដែលប៉ះទង្គិចជាមួយទំនៀមទម្លាប់, ប្រពៃណី និងវប្បធម៌របស់ប្រទេស ហើយដូច្នេះត្រូវបានគេចាត់ទុកថាមិនសមស្រប”។
ប្រសិនបើ ម្ទាស់ក្សត្រី អ៊ូបុល រតនា ត្រូវបានឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី នោះទ្រង់គឺជាគូប្រជែងដ៏ធំ សម្រាប់លោក ប្រាយុទ្ធ ចាន់អូឆា ដែលបានប្រកាសធើ្វជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ សម្រាប់ការបោះឆ្នោតក្នុងខែមីនាខាងមុខនេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕