មាន​ហេតុផល​ទើប ប្រទេស​វៀតណាម ត្រូវបាន​ជ្រើសរើស​ជាទី​តាំង សម្រាប់​ជំនួប​កំពូល​លើក​ទី​២ រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​

8255

ប្រទេស​វៀតណាម ប្រកាន់​របប​កុ​ម្មុយ​និ​ស្ត ធ្លាប់មាន​ភាពរអាក់រអួល​ក្នុង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក ដោយសារ​សង្គ្រាម​បង្ហូរឈាម និង​ប្រវត្តិ​ដ៏​ជូរចត់​ជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ​។ ប៉ុន្តែ​ប្រទេស​វៀតណាម អាចមាន​ទំនាក់ទំនង​មិត្តភាព​ទាំង​ជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ហើយនឹង​ក្លាយជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ច​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ជា​លើក​ទី​២ ដែល​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ខាងមុខ​។​

មាន​ហេតុផល​សំខាន់ មួយចំនួន​ចំពោះ​ការជ្រើសរើស​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​លោក Trump និង លោក​Kim ៖

ប្រទេស​វៀតណាម មាន​លក្ខណៈ​អំណោយផល​សមស្រប​ច្រើន​៖

​លោក Kim Jong Un ជា​មនុស្ស​ម្នាក់​មិន​ចំណូល​ធ្វើដំណើរ​ឆ្ងាយ និង​មាន​ក្តីបារម្ភ​ខ្ពស់​ពី​សុ​វត្តិភាព​ផ្ទាល់ខ្លួន ជាក់ស្តែង លោក​មានបំណង​ចង់​ធ្វើដំណើរ​តាម​រថភ្លើង​ពាស​ដែក​ច្រើនជាង​។ ដោយ​ទីតាំង​នៃ​ប្រទេស​វៀតណាម នៅ​ជិត​កូរ៉េខាងជើង ហេតុនេះ​ការហោះហើរ​ពី​ទីក្រុង​ព្យុងយ៉ាង នឹង​ប្រើប្រាស់​រយៈពេល​ខ្លី​។ ម្យ៉ាងទៀត​ប្រទេស វៀតណាម ក៏មាន​ស្ថានទូត​អាមេរិក និង​កូរ៉េខាងជើង ដូចគ្នា ដែល​អំណោយផល​ដល់​ដំណើរការ​រៀបចំ​ទុក​មុន​កិច្ច​ជំនួប​កើតឡើង​។​

​លើសពីនេះទៅទៀត​នោះ រដ្ឋាភិបាល​ទីក្រុង​ហាណូយ ពេញចិត្ត​ក្នុងការ​កសាង​ទំនាក់ទំនង​មិត្ត​ភាពល្អ​ជាមួយ​ប្រទេស​ទាំងពីរ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដែនដី​អ​ព្យា​ក្រឹត្យ​។ បើ​និយាយ​ពី​សន្តិសុខ​ប្រទេស​នេះ ត្រូវបាន​រឹតបន្តឹង​យ៉ាង​យ៉ាង​ប្រុងប្រយ័ត្ន​សូម្បី​ក្នុងពេល​ធម្មតា​ក្តី​។ អាជ្ញាធរ​នឹងធ្វើ​ការគ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ហ្វូងមនុស្ស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​នឹង​ត្រូវបាន​តាមដាន​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​មនុស្ស​ទូទាំង​សកលលោក​។​

មេដឹកនាំ​កូរ៉េខាងជើង មាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​វៀតណាម​

ប្រទេស​វៀតណាម គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កូរ៉េខាងជើង​។ ទំនាក់ទំនង​ការទូត​រវាង​រដ្ឋាភិបាល ទីក្រុង​ហាណូយ និង​ទីក្រុង​ព្យុងយ៉ាង​មាន​តាំងពី​ឆ្នាំ​១៩៥០​។ កូរ៉េខាងជើង ធ្លាប់បាន​បញ្ជូន​ទ័ព​ជើង​អាកាស ទៅកាន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ក្នុងអំឡុង​សង្គ្រាម​វៀតណាម​។ ជាមួយគ្នានេះ​អតីត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម គឺ​លោក Kim Il Sung ដែលជា​ជីតា​លោក Kim Jong Un នៅ​ឆ្នាំ​១៩៥៨​។ ក្រោយមក​មាន​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ជាច្រើនរូប បាន​មកលេង​ប្រទេស វៀតណាម ចាប់តាំងពី​ពេលនោះ​មក​។​

សូមជម្រាបថា ខណៈដែល​ស្ថានភាព​ពាណិជ្ជ​កម្មបាន​ធ្លាក់ចុះ បន្ទាប់ពី​មានការ​ដាក់ទណ្ឌកម្ម​ពី​សំណាក់​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង វា​បាន​ឈានដល់​៧ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៧ ។ ហេតុនេះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក Kim ទៅកាន់​ប្រទេស​វៀតណាម អាច​នឹង​ក្លាយជា​ឱកាស​សម្រាប់​លោក ក្នុងការ​រៀនសូត្រ​ពី​វៀតណាម ក្នុងការ​ស្តា​សេដ្ឋកិច្ច​ក្រោយ​បញ្ចប់សង្គ្រាម​វៀតណាម​។​

លោក Le Hong Hiep អ្នកជំនាញ​វៀតណាម​នៅ​វិទ្យាស្ថាន ISEAS-Yusof ប្រទេស សឹង្ហ​បូរី បាន​និយាយថា “​លោក Kim នឹង​ចាប់អារម្មណ៍​ក្នុងការ​សិក្សា​ស្ថានភាព​ប្រទេស​វៀតណាម​ដោយ​ខ្លួនឯង ដែល​អាចជា​ប្រភព​បទពិសោធន៍​ដ៏​ល្អ​នៃ​ការ​បំផុសគំនិត និង​ការឆ្លុះបញ្ចាំង​អំពី​វិធី​ដែល​លោក​អាច​ជ្រើសរើស​ដើម្បី​ជំរុញ​កូរ៉េខាងជើង ឱ្យ​រីកចម្រើន​ទៅមុខ​”​។​

អាមេរិក​ចង់បាន​ប្រទេស​វៀតណាម​ជា​ម្ចាស់ផ្ទះ ដើម្បី​ផលប្រយោជន៍​ផ្នែក​យុទ្ធសាស្ត្

ប្រទេស​វៀតណាម ក៏​អាចជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​ខាង​យុទ្ធសាស្ត្រ​សម្រាប់​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្នកំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែលជា​សម្ព័ន្ធមិត្ត​ជិត​បំផុត របស់​កូរ៉េខាងជើង​។ លោក ជុន សុង​វូ​ន (Cheon Seong Whun) អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​វិទ្យាស្ថាន Asan Institute for Policy Studies នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា លោក Trump អាច​ប្រើប្រាស់​ប្រទេស វៀតណាម​ដើម្បី​ជា “​សញ្ញា​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង​ថា កូរ៉េខាងជើង មិន​ស្ថិតនៅក្នុង​ដៃ​របស់​ចិន​នោះទេ ម្យ៉ាងទៀត អាមេរិក​ក៏មាន​តុល្យភាព ឥទ្ធិពល​ដូច​ចិន​នៅក្នុង​តំបន់​នេះ​” ។​

​ទីក្រុង​វ៉ាស៊ីនតោន ក៏​ចង់បង្ហាញ​ពី​ភាពជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម ក្រោម​ការជំរុញ​ដោយ​លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ក្នុងអំឡុង​លោក​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​វៀតណាម កាលពី​ឆ្នាំមុន​។ លោក Pompeo បាន​និយាយ​នៅក្នុង​សុន្ទរកថា ដោយ​សំដៅទៅ​មេ​ដី​ក​នាំ Kim ថា «​ប្រទេស​លោក​អាច​ដើរ​តាមផ្លូវ​នេះ​បាន​។ នេះ​គឺជា​ឱកាស​របស់លោក ប្រសិនបើ​លោក​ចេះ​ចាប់យក​ពេលនេះ​»​។ វា​អាចជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស កូរ៉េខាងជើង​ផងដែរ​។​

​ប្រទេស​វៀតណាម ស្វះស្វែង​ចង់​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ជំនួប​នេះ​

​ប្រទេស​វៀតណាម មានបំណង​ចង់បង្ហាញ តួនាទី​ដំ៏​សំខាន់​របស់ខ្លួន លើ​ឆាក​អន្តរជាតិ​ជាថ្មី​ម្តងទៀត បន្ទាប់ពី​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី – ប៉ាស៊ីហ្វិក (Apec) នៅក្នុង​ឆ្នាំ ២០១៧ និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថ្នាក់​តំបន់ (WEF) កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ​។ កិច្ចប្រជុំ Trump-Kim អាច​ផ្តល់​ផលចំណេញ​ដល់​ប្រទេស វៀតណាម​ច្រើន​។​

លោក Vu Minh Khong អ្នកវិភាគ​គោលនយោបាយ​នៅ​សាលា គោលនយោបាយ​សាធារណៈ Lee Kuan Yew​នៅ​សិង្ហ​បុរី​បាន​និយាយថា «​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាច​ជំរុញ ឋានៈ​របស់​វៀតណាម នៅក្នុង​សហគមន៍​អន្តរជាតិ ព្រមទាំង​ជួយ​ជំរុញ​ប្រទេស​ឱ្យ​លេចមុខ​លេច​មាត់ ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស​ជាដើម​»៕

​ប្រភព​៖ Fresh News