អ្នកនេសាទខេត្តកែប ចុះមុជយកត្រា នៅបាតសមុទ្រ បន្ថែមចំណូលក្រៅពីរកក្តាម និងបង្គា

768

ខេត្តកែប៖ ការនេសាទយកក្តាម និងបង្គា គឺជាមុខរបរដ៏ពេញនិយម និងមានជាយូរលង់ណាស់មកហើយសម្រាប់បងប្អូនប្រជានេសាទខែត្តកែប។ បន្ថែមលើពីការរកក្តាម បង្គា ត្រី និងប្រភេទគ្រឿងសមុទ្រផ្សេងទៀត ក្នុងកំលុងខែនេះអ្នកនេសាទភាគច្រើនចុះមុជយកសត្វ សមុទ្រមួយប្រភេទទៀត ដែលគេហៅថា «ត្រា» សម្រាប់លក់យកប្រាក់ចំណូលបន្ថែម។

ប្រជានេសាទឈ្មោះ ឡាយ សី ដែលមានទីលំនៅស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានថ្លែងប្រាប់ CNC ថា ក្នុងមួយថ្ងៃលោកអាចមុជយកត្រានេះ បានចាប់ពី២០ ទៅ៣០គីឡូក្រាម បើគិតជាប្រាក់ជាមធ្យមចន្លោះ ចាប់ពី ៨ម៉ឺន ទៅ១០ម៉ឺនរៀល ហើយប្រាក់ចំណូលនេះអាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសាររបស់លោកបានមួយគ្រាដែរ។

លោកបន្តថា លោក និងអ្នកភូមិប្រមាណ ១០នាក់ផ្សេងទៀត ចេញពីផ្ទះនៅមុនម៉ោង ៧ព្រឹក រួចចេញដំណើរទៅរកទីតាំងដែលគិតថា មានសត្វត្រា ដោយជិះទូក ហើយម្នាក់ៗត្រូវមានបាយកញ្ចប់ផងដែរ ដែលប្រពន្ធបានរៀបចំទុកដាក់ឳ្យសម្រាប់ទទូលទាន។ ហើយលោកថា ត្រា មានរស់ជាតិឆ្ងាញ់ពិសេសម្យ៉ាងក្រៅពីក្តាម និងបង្គា។

ទោះបីជាយ៉ាងណាក៏ដោយរបររកត្រាសមុទ្រនេះ មិនមានរហូតនោះដែរ គឺអាចរកបានតាម    រដូវកាលរបស់វាប៉ុណ្ណោះ គេអាចរកត្រានេះបានល្គឹកណាទឹកសមុទ្រថ្លា ដែលអាចមើលឃើញដល់បាតដី ហើយទឹកសមុទ្រថ្លាចន្លោះចាប់ពីខែមិថុនា ដល់ខែសីហា។ ក្រៅពីហួសរដូវរកត្រា ប្រជានេសាទបែទៅរកគ្រឿងសមុទ្រផ្សេងទៀត ដូចជាក្តាម និងបង្គាជាដើម។

គួបញ្ជាក់ផងដែរថា ត្រា គឺជាប្រភេទសត្វសមុទ្រម្យ៉ាងដែលវារស់ក្នុងបាតសមុទ្រភាគច្រើនមាននៅក្នុងដីខ្សាច់ និងល្បាប់ភក់ វាជាសត្វគ្មានឆ្អឹងនោះទេ រាងរបស់វាដូចជាផ្កាដែលមានស្រទាប់ សត្វនេះវាមិនបំលាស់ទីនោះទេ វាចិញ្ចឹមជីវិតដោយស៊ីសត្វតូចៗជាអាហារ ដើម្បីយកត្រានេះបាន អ្នកនេសាទត្រូវមានកែវឆ្លុះ ចង្វារដែលមានប្រវែងចាប់ពី ៣ម៉ែត្រឡើងទៅ៕

អត្ថបទ៖ ង៉ង់ សាន់