នាយ ក្រិន ជីវិតជួបរឿងកណ្តោច កណ្តែងផ្ទួនៗ ប្រពន្ធទី២ រត់ចោល ស្របពេល ហាងលក់គ្រឿងក្លែម ត្រូវបានបិទទៀត

1185

(ភ្នំពេញ)៖ ជីវិតស្នេហារបស់តារាកំប្លែង​តូចល្អិត នាយ ក្រិន ត្រូវបានមហាជន រំពឹងថា​នឹងមានសុភមង្គល បន្ទាប់ពីរូបលោក​បានរៀបការប្រពន្ធទីពីរ ក្រោយពីលែងលះប្រពន្ធដើម។ ហាក់មិនសមប្រកប ក៏ត្រូវប្រពន្ធទី២រត់ចោលទៀត ដោយបន្សល់ទុកកូន៣នាក់ ឲ្យនាយ ក្រិន ចិញ្ចឹមបីបាច់តែម្នាក់ឯង។ ជីវិតកំពុងតែជួបរឿងលំបាក រ៉ាប់រង រឿងគ្រប់យ៉ាងម្នាក់ឯងផងនោះ ពេលនេះហាងលក់គ្រឿងក្លែម នៅតាមបណ្ដោយផ្លូវ២០០៤ ដែលជាឆ្នាំងបាយរបស់នាយ ក្រិន រាល់ថ្ងៃ ក៏ត្រូវបិទទ្វារទៀត ព្រោះតែប្រទេសកម្ពុជាបានជួបប្រទះ នូវវិបត្តិកូវីដ១៩ ទើបខ្វះលុយជួលកន្លែងបន្ត។

ជាការកត់សម្គាល់ ហាងមួយកន្លែងមានយីហោ «ជួបគ្នានៅហាង​នាយក្រិន» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ ត្រូវបានប្រភពនៅជិតខាងនោះឲ្យដឹងថា កន្លងមកធ្លាប់តែមានភ្ញៀវចេញចូលហូរហែ​ ក្រោមការគ្រប់គ្រងរបស់នាយក្រិនផ្ទាល់។ តែថ្មីៗនេះ​ត្រូវបានរុះរើ​ ទម្លាក់ស្លាកយីហោចេញ ដោយសារគ្មានភ្ញៀវចូលដូចមុន នាំឲ្យនាយ ក្រិន គ្មានលុយឲ្យថ្លៃជួល ទើបបង្ខំចិត្តបិទទាំងអារម្មណ៍សោកសៅ។

មូលហេតុដែលហាងរបស់តារាកំប្លែងរូបនេះ ត្រូវបានបិទទ្វារ ​គឺស្របពេល​ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាករាល់កន្លែងជួបជុំទាំងឡាយ ដូចជា KTV រោងភាពយន្ត បៀរហ្គាឌិន ជាដើម ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។ កាលនេះ បានធ្វើឲ្យហាងផឹកស៊ី របស់នាង ក្រិន មិនអាចឈរជើងបានទៀតឡើយ ទើបសម្រេចបិទ ដោយម្ចាស់ទីតាំង បានជួលឲ្យអ្នកផ្សេងទៀត។

ពាក់ព័ន្ធនឹងដំណឹង​នេះ ភ្នាក់ងារព័ត៌មាន​ Fresh News ផ្នែកកម្សាន្ត បានទំនាក់ទំនងតាមរយៈទូរស័ព្ទដើម្បីធ្វើបទសម្ភាសន៍ នាយ ក្រិន ផ្ទាល់ ​តែមិនមានការឆ្លើយតបពីនាយ ក្រិនឡើយ ព្រោះបងប្រុសរបស់លោកជាអ្នកទទួលទូរស័ព្ទជំនួស ហើយគ្រាន់តែនិយាយថា មិននៅជិតនាយ ក្រិន និងមិនអាចផ្តល់បទសម្ភាសន៍បានទេ ព្រោះជារឿងឯកជនរបស់នាយ ក្រិន៕

ភរិយាទី២