អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នឹង​ចាប់ផ្តើម​ ប្រមូល​ពន្ធ​ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ចាប់​ពី​ថ្ងៃទី១ ខែមិថុនា

1148

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមធ្វើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០២០នេះ ម្ចាស់យានយន្តគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ភីអិលស៊ី ឬនៅតាមធនាគារ ដែលបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែក ចំពោះក្រសួង -ស្ថាប័ន ឬអង្គភាព ដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្ត ដែលត្រូវបានលើកលែង ដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ.ប្រក ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួងស្ថាប័ន ឬអង្គភាព ដែលបានស្នើសុំនោះ។

សេចក្តីជូនដំណឹង បានបន្ថែមថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះតទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងផាកពិន័យ ចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕