- ការអភិវឌ្ឍវិស័យទេសចរណ៍ដោយក្រុមហ៊ុនចិនឈ្មោះ Union Development Group មើលទៅល្អពេក ដែលមិនគួរឲ្យជឿថាជាការពិត
- គេបានដាក់ការសង្ស័យថា អាកាសយានដ្ឋាន ដែលមានផ្លូវរត់យ៉ាងវែង និងកំពង់ផែទឹកជ្រៅនៅទីនោះ នឹងអាចឲ្យប្រទេសចិន ធ្វើជាមូលដ្ឋានកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា
វាគឺជារឿងធម្មតា ដែលប្រទេសចិនអាចបង្ហាញពីចំណាប់អារម្មណ៍ នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងគោលបំណងទាក់ទាញ អ្នកទេសចរចិនលំដាប់សេដ្ឋី មកកាន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដែលនៅទីនោះមានកាស៊ីណូ, កន្លែងលេងកីឡា វាយកូនហ្គោល និងរមណីយដ្ឋានដ៏ប្រណីត។
យ៉ាងណាមិញ ប្រទេសកម្ពុជាបានផ្តល់ដីសម្បទានដែលមានទំហំ ៤៥,០០០ ហិកតានៅក្នុងខេត្តកោះកុង និង ២០ ភាគរយនៃឆ្នេរសមុទ្រក្នុងខេត្តនេះ ឱ្យក្រុមហ៊ុនឯកជនរបស់ចិនមួយឈ្មោះ Union Development Group ដើម្បីអភិវឌ្ឍធ្វើជាតំបន់ទេសចរណ៍ ដោយយកលំនាំដូចនៅក្នុងទីក្រុង Mecca ស្ថិតនៅភាគខាងលិច អារ៉ាប់ប៊ីសាអូឌីត ក្នុងតម្លៃជួលត្រឹមតែ ១ លានដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឯកសារផ្លូវការនៃកិច្ចព្រមព្រៀង គឺបានបញ្ជាក់យ៉ាងដូច្នេះ ក៏ប៉ុន្តែគម្រោងនេះ ត្រូវបានគេដាក់ការសង្ស័យថា លក្ខខណ្ឌនៃការផ្ដល់ជូននៅក្នុងកិច្ចព្រមព្រៀងឲ្យទៅភាគីចិន គឺវាល្អពេក ដែលមិនអាចឲ្យជឿបាន ដោយថាអាចមានហេតុផលណាមួយផ្សេងទៀត ដែលផ្ដល់ផលប្រយោជន៍ឲ្យទៅភាគីចិន។ គេជឿថា ការអភិវឌ្ឍន៍នេះ គឺសម្រាប់បម្រើឲ្យយោធាចិន ច្រើនជាងបម្រើឲ្យអ្នកទេសចរចិន។
ការសង្ស័យបែបនេះ បានកើនឡើងកាន់តែខ្លាំងឡើងៗនាពេលថ្មីៗនេះ បន្ទាប់ពីមានការការបញ្ចេញរូបភាព ផ្ដល់ពីផ្កាយរណប របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដែលបង្ហាញថា ផ្លូវរត់សម្រាប់អាកាសយានដ្ឋាន នៅក្នុងតំបន់នេះ មានប្រវែងវែងជាង ផ្លូវរត់សម្រាប់យន្តហោះដឹកអ្នកដំណើរធម្មតា។
ក្រុមមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា បានទទួលរងនូវសម្ពាធរួចមកហើយ ក្នុងការនិយាយបដិសេធ ថាកំពង់ផែទឹកជ្រៅរបស់គម្រោងនេះ មិនបម្រើឲ្យផលប្រយោជន៍ខាងផ្នែកយោធា របស់ប្រទេសចិននោះទេ ដូច្នោះសម្រាប់សំណួរនៅលើផ្លូវរត់ របស់អាកាសយានដ្ឋាន អាចបញ្ជក់បានសម្រាប់ការអះអាងថា ការអភិវឌ្ឍន៍នេះមានគោលបំណងពីរ។
លោក Gregory Poling នាយកនៃអង្គការសម្រាប់គំនិតផ្តួចផ្តើម ដើម្បីតម្លាភាពដែនសមុទ្រតំបន់អាស៊ី នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្ដរជាតិ បានមានប្រសាសន៍ថា “ផ្លូវរត់របស់ព្រលានយន្តហោះនោះ មានប្រវែងប្រហែល ៣៤០០ ម៉ែត្រ ដែលធំជាងផ្លូវរត់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយអាចឲ្យយន្តហោះណាមួយក៏បាន នៅក្នុងកងអាកាសរបស់ប្រទេសចិន ធ្វើការចុះចតបាន”។
លោកបានបន្ថែមទៀតថា៖ “ព្រលានយន្តហោះដ៏ធំនេះ ស្ថិតនៅក្នុងទីតាំងដែលពុំសូវមានមនុស្សច្រើនទៅ មានលក្ខណៈឯកជនច្រើនជាង អ្វីដែលថាបម្រើឲ្យខាងផ្នែកស៊ីវិល។ អ្វីដែលនៅជិតនោះគឺគម្រោងកាស៊ីណូ និងរមណីយដ្ឋានរបស់ខេត្តកោះកុង ដែលខ្ញុំយល់ថា វាមិនទានទទួលបានជោគជ័យនៅឡើយនោះទេ រហូតមកដល់ពេលនេះ។”
របាយការណ៍មួយ បាននិយាយថា ការងារសាងសង់នៅក្នុងគម្រោងនេះ ត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែមកហើយ។
សួរថា តើគម្រោងនេះ មានគោលបំណងបម្រើឲ្យវិស័យយោធាឬ? លោក Poling បានឆ្លើយថា “មានផ្សែងច្រើន ប៉ុន្តែមិនទាន់មានភ្លើងនោះទេ” ប៉ុន្តែលោក បានបន្ថែមថា៖ “ប្រសិនបើមានប្រទេសណាមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសចិនចង់ដាក់មូលដ្ឋានយោធានោះ វាគឺជាប្រទេសកម្ពុជា”។
រូបភាពផ្កាយរណបបានបង្ហាញ ពីការសាងសង់ផ្លូវរត់យន្តហោះដ៏ភ្ញាក់ផ្អើល បន្ទាប់ពីលោក Mike Pence អនុប្រធានាធិបតីអាមេរិក បានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ដោយបង្ហាញពីការព្រួយបារម្ភថា គម្រោងនេះធ្វើឡើងក្នុងគោលបំនងបម្រើឲ្យវិស័យយោធា។
ភាគច្រើននៃផ្លូវរត់ទាំងនេះ ត្រូវបានបញ្ចប់ការសាងសង ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ហើយវាមានទំហំធំជាងការកំណត់ណែនាំ របស់សហព័ន្ធអាកាសចរណ៍ ដែលផ្លូវរត់សម្រាប់យន្តហោះ គឺមានប្រវែង ២៨០០ ម៉ែត្រសម្រាប់យន្តហោះ Boeing 787-900។
ក្រុមហ៊ុន Union Development Group អាចជាក្រុមហ៊ុនឯកជនរបស់ប្រទេសចិន ប៉ុន្តែការអភិវឌ្ឍន៍ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងរដ្ឋាភិបាលរបស់ប្រទេសចិន។
លោក ចាង ហ្គាលី (Zhang Gaoli) អតីតអនុប្រធាន នៃប្រទេសចិន និងជាប្រធានក្រុមនាំមុខគេ សម្រាប់គម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ទីក្រុងប៉េកាំង បានគាំទ្រគម្រោងនេះតាំងពីដំបូង ដោយបានធ្វើជាប្រធាន ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងភាគី UDG និងកម្ពុជា។
គម្រោងនេះក៏បានទទួលការធ្វើទស្សនកិច្ចជាច្រើនផងដែរ ពីថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិនផ្សេងទៀត រួមមានលោក Wang Qinmin អនុប្រធាននៃសន្និបាតពិគ្រោះយោបល់នយោបាយប្រជាជនចិន។
ប្រសិនបើវាជាការបណ្តាក់ទុនឯកជន មនុស្សជាច្រើនចោទសួរអំពីលទ្ធភាពជោគជ័យនៃគម្រោងនេះ ខណៈដែលអ្នកឯកទេសយោធាលោកខាងលិចម្នាក់ទៀត បាននិយាយថា៖ “ទំហំនៃការអភិវឌ្ឍន៍របស់ ក្រុមហ៊ុនចិន Union Development Group ហាក់ដូចជាមិនសមស្រប ជាមួយសក្តានុពលពាណិជ្ជកម្មនៃតំបន់នោះ ដោយលើកសំណួរអំពីលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន និងនិរន្តរភាព។ អាចប្រើប្រាស់ក្នុងផ្លូវ២ និងសម្រាប់វិស័យយោធា ក៏ដូចជាចេតនាខ្លាំងបំផុតផងដែរ របស់ភាគីពាក់ព័ន្ធ។”
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មិនអាចទាក់ទងដើម្បីបំភ្លឺបានទេ ទោះបើជាបានព្យាយាមអស់ជាច្រើនដងក៏ដោយ តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានថ្លែងថា លោកមិនដឹងរឿងនេះទេ ថាតើរដ្ឋាភិបាលកម្ពុជា មានការត្រួតពិនិត្យទៅលើគម្រោងនោះទេឬយ៉ាងណានោះ។
ទោះបីជាយ៉ាងណាក៏ដោយលោក Paul Chambers អ្នកវិភាគប្រចាំតំបន់ នៅសាកលវិទ្យាល័យ Naresuan បានប្រាប់ This Week in Asia ថា មន្ត្រីជាន់ខ្ពស់របស់កម្ពុជា បានទទួលស្គាល់ថា សម្ដេច ហ៊ុន សែន កំពុងពិចារណាលើការអនុម័ត ឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិននៅទីនោះ។
លោក Chambers បានប្រៀបធៀបគម្រោងក្នុងខេត្តកោះកុងរបស់ចិន ទៅនឹងគម្រោងរបស់ចិននៅក្នុងប្រទេសឡាវ និងប្រទេសស្រីលង្កា។ ប្រទេសស្រីលង្កា បានប្រគល់ការគ្រប់គ្រងកំពង់ផែ Hambantota របស់ខ្លួន ទៅឲ្យប្រទេសចិនសម្រាប់កិច្ចសន្យារយៈពេល ៩៩ ឆ្នាំបន្ទាប់ពីខ្លួនមិនអាចបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ទៅឱ្យទីក្រុងប៉េកាំង ដែលបានផ្តល់ហិរញ្ញវត្ថុដល់ការសាងសង់។
លោកបន្តថា៖ “ចំពោះករណីរបស់ប្រទេសស្រីលង្កា ការពឹងផ្អែកខ្លាំងពេកទៅលើប្រទេសចិន បានបង្ខំឱ្យប្រទេសស្រីលង្កា ផ្តល់កំពង់ផែរឱ្យទៅប្រទេសចិន។ ដូចគ្នានេះដែរ វាងាយនឹងកើតឡើងនៅប្រទេសកម្ពុជា”។
នៅឆ្នាំ ២០១៦ ប្រទេសចិនបានផ្តល់ជំនួយសេដ្ឋកិច្ច ៣៦% នៃជំនួយសរុប ដល់ប្រទេសកម្ពុជា និង ៣០% នៃទុនវិនិយោគរបស់ខ្លួន។ គ្រាន់តែនៅក្នុងឆ្នាំនេះ ប្រទេសចិនបានសន្យាផ្តល់ជំនួយបន្ថែមចំនួន ៥៥៨ លានដុល្លារ ហើយបានសន្យាថា នឹងនាំចូលអង្ករកម្ពុជាចំនួន ៤០០,០០០តោន។ ជាមួយការគំរាមគំហែង ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិច សំដៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស បានធ្វើឲ្យប្រទេសកម្ពុជា ពឹងផ្អែកទៅលើប្រទេសចិន កាន់តែខ្លាំងឡើង។
ដីសម្រាប់គម្រោងរបស់ក្រុមហ៊ុនចិន Union Development Group នឹងត្រូវប្រគល់មកឲ្យប្រទេសកម្ពុជាគ្រប់គ្រងវិញ នៅពេលដែលកិច្ចសន្យាជួលដីផុតកំណត់នៅក្នុងឆ្នាំ ២១០៨ ប៉ុន្តែអ្នកជំនាញមួយចំនួន បានព្យាករណ៍ថា ប្រទេសចិននឹងព្យាយាមយកធ្វើជាកម្មសិទ្ធិអចិន្ត្រៃយ៍។
លោកស្រី Yun Sun ប្រធានកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson បានយល់ស្របថា កំពង់ផែរបស់ក្រុមហ៊ុន Union Development Group មាន “សមត្ថភាពសម្រាប់ការប្រើប្រាស់ក្នុងវិស័យយោធា” ដោយលោកស្រីនិយាយថា៖ “វាមានលំនាំនៃការអភិវឌ្ឍន៍កំពង់ផែ ដែលប្រើប្រាស់បាន២មុខ ដោយប្រទេសចិន ដូចនៅប្រទេស Djibouti, ប្រទេសស្រីលង្កា, ប្រទេសប៉ាគីស្ថាន និងប្រទេសភូមា។
លោកស្រីបាននិយាយថា “ប្រទេសចិនមានចេតនា ធ្វើកំពង់ផែបែបនេះ ដើម្បីចៀសវាងបញ្ហាចម្រូងចម្រាស”។
គម្រោងក្នុងខេត្តកោះកុង ស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រ និងអាចមានផលប៉ះពាល់ ដល់បញ្ហារសើបជាច្រើន ក្នុងនោះមានជម្លោះសមុទ្រចិនខាងត្បូង, ការនាំចូលថាមពលរបស់ចិន តាមរយៈច្រក Malacca Strait និងអធិបតេយ្យភាពនៃកោះតៃវ៉ាន់។
កំពង់ផែនេះ ត្រូវបានឆ្លងកាត់ដោយផ្ទាល់ ពីព្រែកជីក ដែលបានស្នើនៅក្នុងប្រទេសថៃ ដែលនឹងអនុញ្ញាតឱ្យប្រទេសចិន មិនចាំបាច់ឆ្លងកាត់តាមច្រក Malacca Strait ដែលជាផ្លូវតូចចង្អៀតមួយ ត្រូវបានប្រើប្រាស់ដើម្បីនាំចូលភាគច្រើន ជាថាមពលរបស់ប្រទេសចិន។
មូលដ្ឋាននេះ ក៏អាចផ្តល់ឱ្យប្រទេសចិន នូវអត្ថប្រយោជន៍មួយ នៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសមហាអំណាចក្នុងតំបន់នេះ កំពុងមានជម្លោះដែនដី ជាមួយប្រទេសជាច្រើន ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Chambers នៅសាកលវិទ្យាល័យ Naresuan បាននិយាយថា ការបង្កើនទំនាក់ទំនងយោធា, សមយុទ្ធយោធាកម្ពុជា-ចិន បានបង្ហាញថា ប្រទេសចិន មានចេតនាដាក់យោធានៅប្រទេសកម្ពុជា។
ទោះបីជា សម្ដេច ហ៊ុន សែន ធ្លាប់បាននិយាយថា ការដាក់មូលដ្ឋានយោធារបស់បរទេសនៅប្រទេសកម្ពុជា គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏ដោយ តែលោក Chambers បាននិយាយថា ច្បាប់ ហាក់ដូចជាមិនអាចអនុវត្តបានចំពោះប្រទេសចិន។
ជាការពិត គ្រាន់តែដីសម្បទាននេះផ្ទាល់ វាគួរឱ្យសង្ស័យណាស់ទៅហើយ។ ដីនេះមានទំហំ បីដងធំជាងទំហំអតិបរមា ដែលបានអនុញ្ញាតសម្រាប់ដីសម្បទាន ហើយស្ថិតនៅក្នុងឧទ្យានជាតិទៀត។ ដូចដែលលោកស្រី Sun នៅឯមជ្ឈមណ្ឌល Stimson បាននិយាយថា “សម្ដេច ហ៊ុន សែននឹងត្រូវធ្វើឲ្យមានចន្លោះប្រហោង នៅជុំវិញការរំលោភរដ្ឋធម្មនុញ្ញ”។
លោកនាយករដ្ឋមន្ត្រី ប្រហែលជាបានសំដៅទៅលើចន្លោះប្រហោង ដែលចិនធ្លាប់បានធ្វើអាជីវកម្មពីមុន នៅក្នុងប្រទេស Djibouti ។ ខណៈសម្ដេច ហ៊ុន សែន បានបដិសេធថា គ្មានវត្តមានមូលដ្ឋានទ័ពចិន នៅក្នុងខេត្តកោះកុងនោះទេ។
សម្ដេចបានបន្ថែមថា គ្មានកងទ័ពបរទេសណា ដែលនឹងត្រូវឈរជើងនៅកម្ពុជាទេ លុះត្រាតែពួកគេជាផ្នែកមួយ នៃបេសកកម្មរបស់អង្គការសហប្រជាជាតិ។ មូលដ្ឋានរបស់ប្រទេសចិននៅប្រទេស Djibouti ក្នុងន័យគាំទ្រគំនិតផ្តួចផ្តើម របស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងចោរកម្ម ប៉ុន្តែអង្គការសហប្រជាជាតិ មិនមានសិទ្ធិអំណាច លើមូលដ្ឋាននោះទេ ហើយប្រទេសចិន អាចប្រើវាសម្រាប់គោលបំណងផ្សេងៗទៀតដែលខ្លួនត្រូវការ។
លោក Chambers បានព្រមានថា ការវិនិយោគទុន និងជំនួយ របស់ចិនកាន់តែច្រើនឡើងៗ កំពុងធ្វើឱ្យសម្ដេច ហ៊ុន សែន “រឹតតែងប់ទៅរកគន្លងរបស់ប្រទេសចិន” ។
លោកបានបន្តថា៖ “អ្វីដែលធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបារម្ភនោះគឺថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមានចេតនា និងធ្វើឲ្យខ្លួនឯងឲ្យកាន់តែមានការពឹងផ្អែកខ្លាំងឡើងៗ ទៅលើប្រទេសចិន។ ជាលទ្ធផលប្រទេសកម្ពុជា អាចក្លាយជាមជ្ឈមណ្ឌលយោធា និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន នៅអាស៊ីអាគ្នេយ៍”។
លោក Chambers បាននិយាយថា តាមលំនាំដែលផ្ដល់ជូននេះ មូលដ្ឋានយោធានឹងក្លាយជាជំហានបន្ទាប់ យ៉ាងច្បាស់លាស់មួយ ដោយលោកបានព្រមានថា ទង្វើបែបនេះនឹង «លើកឡើងនូវបញ្ហា» កត្តាភូមិសាស្ត្រនយោបាយ រវាងប្រទេសចិន និងអាមេរិក៕
ប្រែស្រួលពី៖ South China Morning Post