ភ្នំពេញ៖ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងនៅថ្ងៃនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៉ីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ចំពោះទស្សនកិច្ចលើកដំបូងសម្រាប់លោក មូន ជេអ៉ីន នៅកម្ពុជា ក្នុងនាមប្រធានាធិបតី មានកម្មវិធីមួយចំនួន ដូចជា៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៉ីន នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក មូន នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់របស់កម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
នៅក្រោយជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៉ីន ជាមួយសម្តេចតេជោ ហ៊ុន សែន ភាគីទាំងពីរនឹងចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ៕