ភ្នំពេញ៖ គ្មានការបិទ ហ្វេសប៊ុក (Facebook) នៅប្រទេសកម្ពុជានោះទេ ព្រោះសម្ដេចតេជោ ហ៊ុន សែន បានអះអាងហើយថា សម្ដេចក៏ជាអ្នកលេងហ្វេសប៊ុកដែរ មានរឿងអីដែលសម្ដេចត្រូវបិទនោះ។ ការអះអាងនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំជាអ្នកលេង Facebook ម្នាក់ រឿងអីដែលខ្ញុំទៅបិទ Facebook” តែសម្ដេច បាននជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យអប់រំចំពោះការប្រើប្រាស់ពាក្យសំដីលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់អ្នកលេងហ្វេសប៊ុក ដើម្បីជៀសវាងមានប៉ះពាល់សង្គមជាតិ និងថែមទាំងបានជំរុញស្ថាប័នជំនាញគួររៀបចំគិតគូរ បង្កើតនូវច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាផងដែរ ខណៈដែលប្រទេសមួយចំនួនក្នុងពិភពលោកកំពុងអនុវត្តន៍។

សម្ដេច ហ៊ុន សែន បានលើកឡើងថា៖ “មនុស្សលេងហ្វេសប៊ុក ម្នាក់ស្រាប់តែចង់បិទ ហ្វេសប៊ុក សម្រាប់ប្រទេសរបស់ខ្លួន។ ខ្ញុំមិនបិទទេ ហ្វេសប៊ុក ! ខ្ញុំមិនឲ្យបិទទេ ! ព្រោះប្រជាពលរដ្ឋត្រូវការវា។ ច្បាស់ណាស់ថា យើងនឹងទទួលផលប្រយោជន៍ពីវា ប៉ុន្តែក៏មានអ្នកដែលប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានដែរ ហើយរឿងនេះ យើងត្រូវធ្វើការអប់រំជាបណ្តើរៗ ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង លើការប្រើប្រាស់ពាក្យសំដី ហើយក៏ដូចជាវិធានការច្បាប់មួយចំនួនផងដែរ”។
គួររំម្លឹកផងដែរថា យោងតាមស្ថិតិរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យបញ្ជាក់ថា អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជាមានចំនួនប្រមាណ៧លានគណនី។ គិតត្រឹមខែចុងឆ្នាំ២០១៨ នៅកម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តចំនួន ១២,៩៧៤,៣១៩ (តាមសេវាទូរស័ព្ទដៃ) និងអ្នកប្រើសេវាអ៊ីនធឺណិតអចល័ត (នៅតាមផ្ទះ) មានចំនួន ១៤៧,៥៩៦នាក់៕