ភ្នំពេញ៖ ស្ពានជ្រោយចង្វារចាស់ នឹងអាចប្រើប្រាស់បានពី ៤០ ទៅ ៦០ឆ្នាំ បន្ទាប់ពីធ្វើការជួសជុលរួច ដោយការយកចិត្តទុកដាក់បំផុតរបស់ប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះ ស្ពាននេះត្រូវបានជួសជុល បានប្រមាណ ៩០ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ លោក វ៉ា ស៊ីមសូរិយា មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ក្រសួងកំពុងរកពេលវេលាសមស្របណាមួយ ដើម្បីបើកឲ្យដំណើរការឡើងវិញ ព្រោះតាមការគ្រោងទុក ការជួសជុលស្ពានជ្រោយចង្វារនេះ នឹងត្រូវបញ្ចប់ក្នុងខែមិថុនាខាងមុខ។

ស្ពានជ្រោយចង្វារចាស់ (ទី១) ត្រូវបានផ្អាក់ដំណើរ ដើម្បីចាប់ផ្តើមជួសជុលឡើងវិញ នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៣៣លានដុល្លារ ក្រោមជំនួយឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ JICA។

ស្ពានជ្រោយចង្វា ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៦៣ បញ្ចប់នៅ១៩៦៤ និងត្រូវបានកាត់ផ្តាច់ដោយសង្គ្រាមនៅឆ្នាំ១៩៧២។ ក្រោយពេលប្រទេសកម្ពុជាទទួលបានសន្តិភាពវិញ ស្ពាននេះត្រូវតភ្ជាប់វិញនៅឆ្នាំ១៩៩៣ ដោយប្រទេសជប៉ុន ដោយបានដាក់ឈ្មោះ ថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន។ ដោយសារមានសភាពទ្រុតទ្រោមខ្លាំង ប្រទេសជប៉ុន បានធ្វើការសិក្សា និងស្នើសុំធ្វើការជួសជុលឡើងវិញ ក្រោមជំនួយឥតសំណង នៅក្នុងឆ្នាំ២០១៧ ហើយគ្រោងបើកដំណើរការឡើងវិញក្នុងឆ្នាំ២០១៩៕