អ្នកគ្រប់គ្រងរបស់ BTS រងការរិះ គន់ ក្រោយប្រើប្រាស់រថយន្តក្រុមហ៊ុន ធ្វើដំណើរកំសាន្តជាមួយមិត្តស្រី

815

(សេអ៊ូល)៖ អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀង BTS ទទួលរងការរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គម បន្ទាប់ពីបានប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន ក្នុងគោលបំណងផ្ទាល់ខ្លួន ជូនមិត្តស្រីធ្វើដំណើរកំសាន្ត។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០២០។

ជាការកត់សម្គាល់ កាលពីថ្ងៃទី១៨ ខែឧសភា សហគមន៍អនឡាញ បានលើកឡើងថា អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងបុរស BTS ប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន ក្នុងគោលបំណងផ្ទាល់ខ្លួន ក្នុងដំណើរកំសាន្តជាមួយមិត្តស្រី។ កាលពីឆ្នាំមុន មិត្តស្រីរបស់អ្នកគ្រប់គ្រងរូបនោះ បានបង្ហោះរូបភាពក្នុង Instagram ក្នុងន័យអបអរសាទរមិត្តប្រុសរបស់នាង ដែលបានក្លាយជាបុគ្គលិកនៃភ្នាក់ងាររបស់ BTS។

បន្ទាប់មក នាងបានបង្ហោះរូបភាពក្នុងរថយន្តរបស់ក្រុមហ៊ុន ដែលភ្ជាប់ជាមួយពាក្យពេជន៍ថា «Wow! នេះគឺជារថយន្តរបស់តារា»

បើតាមសហគមន៍អនឡាញ ករណីនេះបានកើតឡើងច្រើនដងមកហើយ។ អ្នកលេងបណ្តាញសង្គម បានលើកឡើងថា អ្នកគ្រប់គ្រងរូបនោះ គួរតែចេញមុខមកពន្យល់ពីការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន ក្នុងគោលបំណងផ្ទាល់ខ្លួន។ បន្ថែមពីនេះ​ អ្នកលេងបណ្តាញសង្គម ថា មិត្តស្រីរបស់អ្នកគ្រប់គ្រងរូបនោះ​អាចនឹងធ្វើឲ្យគូស្នេហ៍នាងបាត់បង់ការងារធ្វើ ដោយសារការបង្ហោះរូបភាពរបស់នាង ក្នុងបណ្តាញសង្គម៕