ភ្នំពេញៈ គិតត្រឹមចុងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មកាស៊ីណូ សរុបចំនួន ១៥០ ដែលភាគច្រើននៃអាជ្ញាប័ណ្ណនោះ សម្រាប់ធ្វើប្រតិបត្តិការនៅខេត្តព្រះសីហនុ។
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយតករអាជីវកម្មកាស៊ីណូ បានរាយការណ៍ថា បើធៀបទៅនឹងឆ្នាំ២០១៧ ចំនួនអាជ្ញាប័ណ្ណធ្វើអាជីវកម្មកាស៊ីណូ មានការកើនឡើងចំនួន ៥៣ភាគរយ នៅក្នុងឆ្នាំ២០១៨ ក្នុងនោះខេត្តព្រះសីហនុ មានចំនួន ៨៨ អាជ្ញាប័ណ្ណ។
លោក រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមផែនការ យើងបានកំណត់ទិសដៅប្រមូលប្រាក់ចំណូល ៥៦ លានដុល្លារនៅឆ្នាំនេះ»។
លោកបានបន្តទៀតថា៖ «យើងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីព្រាងច្បាប់គ្រប់គ្រងកាស៊ីណូ និងអាជីវកម្មភ្នាល់ល្បែង ហើយនៅពេលណាច្បាប់នេះត្រូវបានបញ្ចប់ និងដាក់ឲ្យអនុវត្តនោះ យើងសង្ឃឹមថា ប្រាក់ចំណូលបានពីវិស័យនេះនឹងកាន់តែកើនច្រើនឡើង»។
ការវិនិយោគលើកាស៊ីណូ បានផ្ដល់ផលប៉ះពាល់វិជ្ជមានមួយចំនួនដូចជា ឱកាសការងារសម្រាប់ប្រជាជនកម្ពុជា និងប្រាក់ចំណូលជាតិ ដែលបានពីការប្រមូលពន្ធ។ ចំណែកឯផលអវិជ្ជមានរួមមាន សណ្ដាប់ធ្នាប់សាធារណៈ និងអសន្ដិសុខក្នុងសង្គម។
រដ្ឋាភិបាលកម្ពុជា គួរតែពន្លឿន សេចក្ដីព្រាងច្បាប់គ្រប់គ្រង ការធ្វើអាជីវកម្មកាស៊ីណូ និងពង្រឹងការអនុវត្តន៍ច្បាប់ឲ្យតឹងរឹងខ្លាំងជាងនេះបន្ថែមទៀត៕