តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នៅថ្ងៃសៅរ៍នេះ បានសន្យាការពារលទ្ធិប្រជាធិបតេយ្យ និងផ្លូវនៃជីវិត ដែលតៃវ៉ាន់កំពុងដើរ នៅក្នុងបរិបទកំពុងមានភាពតានតឹងជាថ្មី ជាមួយមហាយក្សចិន ដែលរង់ចាំតែឱកាសវាយយកដែនកោះមួយនេះ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកស្រី Tsai បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កោះតៃវ៉ាន់មិនអាចទទួលយកបានគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រង ២ ដែលលើកឡើងដោយចិនជាដាច់ខាត… ហើយការចរចាណាមួយគួរតែធ្វើឡើងឈរគោលការណ៍រដ្ឋាភិបាល និងរដ្ឋាភិបាល»។ ជំហររបស់កោះតៃវ៉ាន់ គឺដើរពីក្រោយដោយការប្រកាសអនុវត្តន៍នយោបាយថ្មីរបស់អាមេរិក នៅដើមឆ្នាំ២០១៩នេះ ដោយអនុញ្ញាតការលក់សព្វាវុធដល់បណ្តាប្រទេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរួមទាំងកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោកស្រី Tsai Ing-wen កើតមានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា គ្មាននរណាម្នាក់អាចយកកោះតៃវ៉ាន់ចេញពីចិនបានឡើយ ហើយថាចិននឹងមិនរាករែកឡើយក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួមបង្រួបជាតិឡើងវិញ ក្នុងករណីដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕