អរគុណ​មិត្ត​ជប៉ុន​! ក្រុម​រាំ​លំដាប់​ពិភពលោក Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

3488

ថ្មីៗ​នេះ មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន បានរៀបចំ​ឲ្យ​មានការ​សម្ដែង និង​សិក្ខាសាលា “​ក្បាច់​រាំ​តាម​ដងផ្លូវ​” ឬ​ហៅថា “Breakdance” នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុម​រាំ​ដ៏​ល្បី លំដាប់​ពិភពលោក​របស់​ប្រទេស​ជប៉ុន ដែលមាន​ឈ្មោះថា Mortal Combat ។​

ការសម្ដែង​របស់​ក្រុម​រាំ Mortal Combat ដែល​បាន​ធ្វើឡើង​នៅក្នុង​មហោស្រព​គី​ហ្សូ​ណា កម្ពុជា​-​ជប៉ុន ២០២០ និង​នៅតាម​ស្ថា​នី​ទូរទស្សន៍ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​យុវជន​កម្ពុជា លើសពី​ការរំពឹងទុក​។

អ្នកតំណាង​របស់​ក្រុម​រាំ Mortal Combat បាន​ប្រាប់​ឲ្យ​ដឹងថា​៖ “​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ក្រុម​យើងខ្ញុំ​មក​សម្ដែង​នៅ​ប្រទេស​កម្ពុជា​។ គោលបំណង​របស់​យើង​គឺ ចង់បង្ហាញ​ប្រជាជន​ខ្មែរ អំពី​ក្បាច់​រាំ Breakdance របស់​ប្រទេស​ជប៉ុន ជាពិសេស​គឺ​ចែករំលែក​បច្ចេកទេស​រាំ ដល់​ក្រុម​រាំ​របស់​ប្រទេស​កម្ពុជា និង​រៀនសូត្រ​ពី​ក្បាច់​រាំ​របស់​កម្ពុជា ដើម្បី​កៃ​ច្នៃ​ក្បាច់​រាំ​របស់​ក្រុម​យើងខ្ញុំ ឲ្យ​កាន់តែ​ពិសេស​ថែមទៀត​។​”

ក្រុម​ Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

​ក្រៅពី​ការសម្ដែង​របស់ខ្លួន ក្រុម​រាំ Mortal Combat បានរៀបចំ​សិក្ខាសាលា​ចំនួន ២ ដែល​ធ្វើឡើង​ជាពិសេស សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ (RUFA) និង​សិស្សានុសិស្ស​នៃ​អង្គការ Tiny Toones​។ សិក្ខាសាលា​នេះ រៀបចំ​ធ្វើឡើង​ដើម្បី​ផ្ដល់ឱកាស​រៀនសូត្រ ពី​បច្ចេកទេស​ទៅវិញទៅមក រវាង​ក្រុម​រាំ​ជប៉ុន និង​ក្រុម​រាំ​កម្ពុជា ដើម្បី​អាច​ឲ្យ​ពួកគេ​កែច្នៃ​ក្បាច់​រាំ ក៏ដូចជា​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​វាង​កម្ពុជា និង​ជប៉ុន​ផងដែរ​។​

ក្រុម​ Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

ក្រុម​រាំ Mortal Combat បាន​ប្រាប់ថា​៖ “​មនុស្ស​គ្រប់រូប​អាច​រៀន​រាំ Breakdance បាន ព្រោះ​វា​មិន​ប្រកាន់​ភេទ​, អាយុ​, ពណ៍​សម្បុ​ល​ជាតិ​, សាសន៍​នោះទេ​។ ដើម្បី​ឲ្យ​ការ​រាំ កាន់តែ​ល្អ គឺ​ត្រូវ​ប្រមូលផ្ដុំ​នូវ​ក្បាច់​រាំ​ផ្សេងៗ ពី​គ្រប់​ទីកន្លែង យកមក​ចងក្រង​បង្កើតជា​ក្បាច់​រាំ​ខ្លួនឯង ដែល​នេះ​គឺជា​លក្ខណៈពិសេស​របស់​ក្រុម​រាំ Mortal Combat របស់​យើង ដែល​នាំ​ឲ្យ​ក្រុម​យើង អាច​បំបែក​កំណត់ត្រា​ពិភពលោក ឈ្នះ​ការប្រកួត​ច្រើន​បំផុត​ចំនួន ៤​ដង ក្នុងការ​ប្រកួត​កម្មវិធី BATTLE OF THE YEAR JAPAN, បានឈ្នះ​ពានរង្វាន់ ការសម្ដែង​ល្អ​ជាងគេ​បំផុត ក្នុង​ឆ្នាំ ២០០៧ ពី​ការប្រកួត​ក្នុង​កម្មវិធី R16, បានឈ្នះ​ពានរង្វាន់ ការសម្ដែង​ល្អ​ជាងគេ​បំផុត​ប្រចាំឆ្នាំ​២០១០ ពី​ការប្រកួត​ក្នុង​កម្មវិធី BATTLE OF THE YEAR និង​បានឈ្នះ​ពានរង្វាន់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចំនួន ៤​ដង ពី​ការប្រកួត​ក្នុង​កម្មវិធី DANCE DELIGHT ជាដើម​។

ក្រុម​ Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

​សូមបញ្ជាក់​ផងដែរ​ថា ក្រុម​រាំ Mortal Combat ជា​ក្រុម​រាំ breakdance ដែល​កំពុងមាន​ប្រជាប្រិយភាព​ជាងគេ នៅក្នុង​ប្រទេស​ជប៉ុន​។ ក្រុម​រាំ​នេះ មាន​សមាជិក​ស្នូល​ចំនួន ១១ នាក់ បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៣ នៅ​ទីក្រុង អូ​សា​កា ប្រទេស​ជប៉ុន​។ ក្រុម​រាំ Mortal Combat បាននិងកំពុង​ខិតខំ​ពង្រីក​សកម្មភាព​របស់​ខ្លួន​ទាំង​នៅក្នុង និង​នៅក្រៅ​ប្រទេស​ជប៉ុន បើ​គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៩ ក្រុម​រាំ​មួយ​នេះ បាន​សម្ដែង​ចំនួន ៤១​ដង នៅក្នុង​ទីក្រុង​ចំនួន ១៧ នៃ​ប្រទេស​ចំនួន ៥​។​

ក្រុម​ Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​ជាងនេះទៅទៀត​នោះ​គឺ ក្រុម​រាំ Mortal Combat បានទទួល​បានការ​អ​ញ្ចើ​ញ​កាន់តែ​ច្រើនឡើងៗ សម្រាប់​ការសម្ដែង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ហើយ​ថែមទាំង​បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូដ​ដូចជា​រឿង “BATTLE OF THE YEAR” ផងដែរ​។​

ជាមួយ​ចក្ខុវិស័យ ចង់​ឲ្យ​ក្មេងជំនាន់ក្រោយ​ដែលជា​អ្នករាំ អាច​ទទួលបាន​នូវ​បរិយាកាស​ល្អប្រសើរ សម្រាប់​ការរៀន​រាំ​, ក្រុម​រាំ Mortal Combat បាន​បង្កើត​នូវ កន្លែង​សិក្សា និង​ហ្វឹកហាត់​រាំ ដែលមាន​ឈ្មោះថា “MORTAL COMBAT ACADEMY” មួយ​ឡើង​និង​បានចាត់ទុក​ទីកន្លែង​នេះ​គឺជា​កន្លែង​អាទិភាព​របស់ខ្លួន​។​

ក្រុម​ Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

បើតាម​មន្ត្រី​របស់ មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន បាន​ឲ្យ​ដឹងថា ក្បាច់​រាំ​តាម​ដងផ្លូវ ឬ Breakdance មានការ​កើនឡើង​នូវ​ប្រជាប្រិយភាព​នៅក្នុង​បណ្ដាល​ប្រទេស​នៅ​អាស៊ី និង​បាន​ក្លាយជា​កីឡា​ផ្លូវការ​មួយ​របស់ ស៊ី​ហ្គេម​ក្នុង​ឆ្នាំ ២០១៩ ហើយ​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ Breakdance ត្រូវបាន​ចាត់​ចូល​ជា​កីឡា​មួយ​ប្រភេទ ដាក់​ឲ្យ​ចូលរួម​ប្រកួត​នៅក្នុង​កីឡា​អូ​ឡា​ពិ​ក នៅ​ឆ្នាំ​២០២៤ ខាងមុខនេះ​ផងដែរ​។​

ក្រុម​ Mortal Combat មក​ចែករំលែក​បច្ចេកទេស​រាំ នៅ​ប្រទេស​កម្ពុជា​

មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន បាន​សម្ដែង​នូវ​សេចក្ដីត្រេកអរ ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​ក្បាច់​រាំ​តាម​ដងផ្លូវ ឬ Breakdance ក៏ដូចជា​ការបង្កើត ឱកាស​ដល់​យុវជន និង​យុវតី​កម្ពុជា បាន​ស្វែងយល់​, កម្សាន្ត ក៏ដូចជា​បង្កើន​បណ្ដាញ និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក និង​មួយផ្នែក​ទៀត បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​កម្ពុជា តាមរយៈ​ការគាំទ្រ​ឥតឈប់ឈរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លុបបំបាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​អំពើហិង្សា​ក្នុងចំណោម​យុវជន​៕ ​