វៀតណាម៖ សារព័ត៌មាន CNN បានចុះផ្សាយនៅព្រឹកថ្ងៃនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអះអាងថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកលទ្ធផលដ៏ល្អប្រសើរ និងជាទីគាប់ចិត្តសម្រាប់អ្នករាល់គ្នា នៅក្នុងជំនួបកំពូលថ្ងៃចុងក្រោយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល នៅឯសណ្ឋាគារ មេត្រូផូល (Metropole) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក គីម ជុងអ៊ុន បាននិយាយថា “យើងបានប្រឹងប្រែងយ៉ាងខ្លាំងរហូតមកដល់ថ្ងៃនេះ ហើយយើងគិតថា ឥឡូវនេះគឺជាពេលដ៏សំខាន់សម្រាប់ពួកយើង មកកាន់ទីក្រុងហាណូយ ដើម្បីអង្គុយ និងមានកិច្ចសន្ទនាដ៏អស្ចារ្យជាមួយគ្នា។ ដូច្នេះខ្ញុំសូមធានាចំពោះអ្នកថា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកលទ្ធផលដ៏ល្អប្រសើរ និងជាទីគាប់ចិត្តសម្រាប់អ្នករាល់គ្នា ពីកិច្ចប្រជុំនៅថ្ងៃនេះ”។
បន្ទាប់ពីកិច្ចប្រជុំកំពូល រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទបញ្ចប់ គឺគេពុំមានឃើញ កិច្ចព្រមព្រៀងណាមួយ ត្រូវបានធ្វើឡើងនោះទេ។ នេះបើយោងតាម សារព័ត៌មាន CNN ចេញផ្សាយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ដូណាល់ ត្រាំ ថា ពុំមានគម្រោងរៀបចំជំនួបកំពូលជាលើកទី ៣ នោះទេ។ លោកថា «យើងនឹងបានឃើញ បើសិនជារឿងនេះកើតឡើង… លោក (លោក គីម) នឹងមិនធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលជាថ្មីទៀតនោះដែរ ហើយខ្ញុំជឿជាក់លើលោក និងជឿថាវាគឺជាការពិត»។
VNExpress បានចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំចាកចេញពីរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម នៅវេលាម៉ោង ៣៖០០នាទីរសៀលនេះតែម្តង (ម៉ោងនៅហាណូយ) បន្ទាប់ពីកិច្ចប្រជុំលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលបរាជ័យ។

VNExpress បានបន្តថា យន្តហោះ Air Force One របស់លោក ដូណាល់ ត្រាំ នឹងធ្វើហោះចេញពីទីក្រុងហាណូយនាវេលាម៉ោងប្រហែល ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈពីដំបូងឡើយលោក ត្រាំ គ្រោងនឹងឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅម៉ោង ៦៖០០នាទីល្ងាចថ្ងៃដដែលទេ។

ចំណែកលោក គីម ជុងអ៊ុន វិញមិនទាន់ចេញទៅប្រទេសកំណើតវិញដែរ ដោយលោកនៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាមជាមុនសិន តបតាមការអញ្ជើញពីប្រមុខរដ្ឋវៀតណាម៕