តាមពិតទៅ មុនពេលនៃការធ្លាក់យន្តហោះ Boeing 737 MAX ក្នុងប្រទេសអេត្យូពី អាកាសយានិក ជាច្រើននៅជុំវិញពិភពលោក បានត្អូញត្អែរ អំពីបញ្ហារបស់យន្តហោះ Boeing 737 MAX ជាច្រើន ដែលគេអាចរកឃើញ នៅក្នុងទិន្នន័យរាយការណ៍សុវត្ថិភាពអាកាសចរណ៍ ក្នុងរយៈពេល ១៥ខែចុងក្រោយនេះ។
តែការត្អូញត្អែរ ទាំងអស់នេះ មិនត្រូវបានក្រុមហ៊ុន Boeing អើពើនោះឡើយ រហូតដល់ មានការធ្លាក់ការធ្លាក់យន្តហោះ Boeing 737 MAX ១គ្រឿងនៅឥណ្ឌូណេស៊ី និង១គ្រឿងទៀតនៅអេត្យូពី រំលងពីគ្នាតែជាង៥ខែប៉ុណ្ណោះ ដែលបានបណ្តាលឲ្យមនុស្សសរុប ៣៤៦នាក់បាត់បង់ជីវិត។
ចំពោះការសន្និដ្ឋានបឋមបានឲ្យដឹងថា យន្តហោះទាំងពីរគ្រឿងនេះ អាចបានជួបបញ្ហាស្រដៀងគ្នា នោះគឺទៅលើប្រព័ន្ធចង្អុលទិសស្វ័យប្រវត្តិ ខណៈប្រអប់ខ្មៅទាំងពីររបស់យន្តហោះអេត្យូពី ដែលបានធ្លាក់កាលពីអាទិត្យសប្តាហ៍មុននេះ ត្រូវបានរកឃើញ និងបញ្ជូនទៅទីក្រុងប៉ារីស នៃប្រទេសបារាំងហើយ ដើម្បីធ្វើការស៊ើបអង្កេត រកមូលហេតុពិតនៃការធ្លាក់នេះ។
បន្ទាប់ពីហេតុការផ្ទួនៗគ្នានេះ ប្រទេសជាច្រើននៅជុំវិញពិភពលោក បានប្រកាសមិនធ្វើការហោះហើរ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737 MAX ជាបណ្ដោះអាសន្ន និងបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអាទិត្យសបា្ដហ៍មុន និងខាតបង់ប្រាក់ប្រមាណជា ២៧ ពាន់លានដុល្លារ។
ព័ត៌មានចុងក្រោយបំផុតបានឲ្យដឹងថា ក្រុមហ៊ុន Boeing បានចេញសេចក្តីសម្រេចជាផ្លូវការមួយ ដោយបាននិយាយថា “ក្រុមហ៊ុន Boeing បានសម្រេចផ្អាកការបញ្ជូនយន្តហោះប្រភេទ 737 MAX ទីកាន់អថិជន បន្ទាប់ពីមានការបញ្ឈរជើងយន្តហោះ ប្រភេទនេះជាបណ្តោះអាសន្ន…តែនៅតែបន្តផលិតយន្តហោះ 737 MAX នេះដដែល ស្របពេលនៃការពិនិត្យមើលស្ថានការណ៍ជាក់ស្តែង ចំពោះបញ្ហានានា ដែលអាចប៉ះពាល់ដល់សង្វាក់ផលិតកម្ម…”៕