ភ្នំពេញ៖ លោក មូន ចេអ៊ិន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
ប្រមុខរដ្ឋរបស់ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ចកម្មទ្វេភាគី ឱ្យកាន់តែច្រើនថែមទៀត បើទោះបីជាពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុប មានចំនួន៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀបនឹងឆ្នាំ២០១៧ ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កូរ៉េខាងត្បូងបានសម្រេចបន្ត ផ្ដល់ឥណទានសម្បទាន សរុបចំនួន៧០០លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣។
សម្តេចតេជោ បានលើកឡើងថា៖ “សម្រាប់ឆ្នាំ២០១៩-២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្ដល់ឥណទានសម្បទាន សរុបចំនួន ៧០០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលយើងទាំងពីរ ទើបតែបានចុះហត្ថលេខា លើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចមុននេះបន្តិច”។
ហិរញ្ញប្បទានសហប្រតិបត្តិការ របស់សាធារណរដ្ឋកូរ៉េ បានផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ, វិស័យអប់រំ និងបណ្ដុះបណ្ដាល ធនធានមនុស្ស, និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អាកាសចរណ៍ស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ជាដើម។
ជាងនេះទៅទៀត ក្នុងអំឡុងទស្សនកិច្ចនេះ កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះហត្ថលេខា លើឯកសារចំនួន៥ រួមមាន៖
១៖ កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ 2019-2023 ចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។
២៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ។
៣៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះហត្ថលេខាដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៉ឺន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ។
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ។
៥៖ អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ្យ៉ុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ៕