ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ឲ្យដំណើរការយុទ្ធសាស្ដ្រជាតិ ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ML-FT) ឆ្នាំ ២០១៩-២០២៣ របស់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ បន្ទាប់ពីអង្គការឃ្លាំមើលការលាងលុយពិភពលោក (FATF) បានប្រកាសដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រផេះ ព្រោះយល់ឃើញថា ប្រទេសកម្ពុជា មានភាពងាយនឹងទទួលរងគ្រោះ ពីសកម្មភាពលាងលុយ កាលពីថ្មីៗនេះ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ បានឲ្យដឹងថា យុទ្ធសាស្ដ្រជាតិសម្រាប់ការប្រឆាំង ML-FT ឆ្នាំ ២០១៩-២០២៣ ជាត្រីវិស័យដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការធ្វើការងារស្របតាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីឲ្យប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មានភាពរឹងមាំ និងអាចឲ្យកម្ពុជាចូលរួមចំណែកជាមួយប្រទេសនានាក្នុងការពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានប្រឆាំងភេរវកម្មរបស់ពិភពលោកផងដែរ។

ជាពិសេសលោក ជា ចាន់តូ បានសង្គត់ធ្ងន់ថា៖ “គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែង និងរួមសាមគ្គីគ្នា អនុវត្តការងារបន្ថែមទៀត ដើម្បីអាចឲ្យប្រទេសកម្ពុជា ត្រូវដកចេញពីបញ្ជីប្រផេះ ក្នុងពេលវេលាដ៏ឆាប់បំផុត៕