ក្នុងពេលត្រឹមតែមួយថ្ងៃមនុស្សប្រមាណ ១,១០០នាក់ ត្រូវបាន ប៉ូលិសហុងកុង ចាប់ខ្លួន ហើយគ្រាប់បែកសាំងជាង ៣,៩០០ដប ត្រូវបានរកឃើញនៅ សាកលវិទ្យាល័យ មួយកន្លែង ខណៈស្ថានការណ៍ដែលកាន់តែតានតឹង ដោយចលនាបាតុកម្មនៅ ទីក្រុងហុងកុង។
អ្នកនាំពាក្យម្នាក់នៃ ប៉ូលិសហុងកុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងពេលត្រឹមតែមួយថ្ងៃ បាតុករ ប្រហែល ១,១០០នាក់ត្រូវបានចាប់ខ្លួន ដោយសារបានប្រព្រឹត្តបទល្មើសដូចជា ការចូលរួមធ្វើកុប្បកម្ម និងមានផ្ទុកអាវុធបង្កគ្រោះថ្នាក់ ជាដើម។ អ្នកនាំពាក្យរូបនោះ បានបន្ថែមទៀតថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ូលិសហុងកុងបានរកឃើញ និងរឹបអូសគ្រាប់បែកសាំងជាង ៣,៩០០ដប នៅសាកលវិទ្យាល័យ CUHK ដែលប្រៀបដូចជារោងចក្រផលិតគ្រាប់បែក នេះទៅហើយនោះ។
គួរជម្រាបថា បច្ចុប្បន្នការប្រឈមមុខដាក់គ្នាខ្លាំង កំពុងបន្តកើតមាន នៅសាកលវិទ្យាល័យហុងកុងមួយទៀតគឺ PolyU។ កាលពីថ្ងៃអង្គារនេះ ក្រុមបាតុករនៅតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ហើយប្រឆាំងចំពោះការទាមទារ ពីសំណាក់អភិបាលក្រុងហុងកុង ដើម្បីឲ្យពួកគេចុះចាញ់។
សាកលវិទ្យាល័យ PolyU ត្រូវបានក្រុមបាតុករហុងកុង ចូលកាន់កាប់តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយប៉ូលិសហុងកុងបានព្យាយាមសម្រុកចូល អស់រយៈពេល ០៣ថ្ងៃជាប់គ្នាមកហើយ តែមិនអាចធ្វើបានដោយសារតែការប្រើហិង្សា តបតពីសំណាក់ក្រុមបាតុករ ដែលបានចោលគ្រាប់បែកសាំង ដុំឥដ្ឋ និងបាញ់ព្រួញភ្លើងមកលើអាជ្ញាធរ៕