វៀតណាម កំពុងខ្វះខាត សាច់ជ្រូករាប់រយតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារដោយសារ ជំងឺប៉េសជ្រូកអាហ្វ្រិក

1574

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់ ប្រទេសវៀតណាម​ បានឲ្យដឹងថា វៀតណាម ប្រហែលជាត្រូវខ្វះខាត បរិមាណសាច់ជ្រូកប្រមាណ ២០០,០០០តោន នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៩នេះ ដោយសារតែ ជំងឺប៉េសជ្រូកអាហ្វ្រិក (African Swine Fever ឬ AFS)។

អនុរដ្ឋមន្រ្តីកសិកម្មវៀតណាមលោក ភុង ឌុចទៀន (Phung Duc Tien) កាលពីថ្ងៃអង្គារនេះ បានប្រាប់ឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺប៉េសជ្រូកអាហ្វ្រិក បានបណ្តាលឲ្យសត្វជ្រូកនៅវៀតណាម ងាប់សរុបជិត ៥.៩លានក្បាល ឬស្មើនឹងសាច់ជ្រូក ៣៣៧,០០០តោន។

យោងតាមលោក Tien តម្លៃមធ្យម នៃសាច់ជ្រូកស្រស់ក្នុងប្រទេសវៀតណាម បានកើនដល់ចន្លោះ ៦០,០០០-៦៧,០០០ដុង (២.៦-២.៩ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយនៅតាមតំបន់ខ្លះទៀត តម្លៃបានលោតដល់ ៧៥,០០០-៨០,០០០ដុង (៣.៣​-​៣.៥ដុល្លារ) ដែលពិតជាតម្លៃកើនឡើងខ្ពស់ មិនធ្លាប់មាននោះឡើយ។

គួរជម្រាបថា កំឡុងការបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក វួង ឌិញហឺ (Vuong Dinh Hue) បានទទូចដល់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការគណនាឲ្យបានដិតដល់ អំពីការខ្វះខាតនៃការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស ហើយនិងពិចារណាលើការនាំចូលសាច់ជ្រូក បន្ថែមពីបរទេស ដើម្បីមកបំពេញតម្រូវការក្នុងស្រុក ព្រមទាំងគ្រប់គ្រងការកើនឡើងតម្លៃ នៃ សត្វជ្រូក និងកាត់បន្ថយអតិផរណា។

ជាមួយគ្នានេះដែរ យោងតាមការព្យាករណ៍ អត្រានៃការផលិតសាច់ជ្រូកនៅវៀតណាម នឹងធ្លាក់ចុះ ១៥-២០ភាគរយនៅឆ្នាំ ២០១៩នេះ ធៀបនឹងឆ្នាំទៅមិញ៕