តូក្យូ (REUTERS)៖ ការដែលអាមេរិកបិទផ្លូវមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ទិញបច្ចេកវិទ្យាសំខាន់ៗរបស់អាមេរិក បានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដោយផ្ទាល់និងដោយប្រយោល។
ហេតុអ្វី?
នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន នៅថ្ងៃទី១៧ ឧសភានេះ លោក Taro Aso រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានឲ្យដឹងថា បិទផ្លូវមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទិញបច្ចេកវិទ្យាសំខាន់ៗរបស់អាមេរិក ពិតជាអាចប៉ះពាល់ដល់ក្រុមហ៊ុនជប៉ុន និងកំណើនសេដ្ឋកិច្ចរបស់ជប៉ុន។
លោក Taro Aso បានបន្តទៀតថា “មានក្រុមហ៊ុនជប៉ុន ដែលបានផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុន Huawei ហើយខ្សែសង្វាក់ផលិតកម្មវិញ គឺបានវ័ណ្ណចូលគ្នាយ៉ាងស្មុកស្មាញ។ តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់បែបនេះ វាអាចមានផលប៉ះពាល់ផ្ទាល់ និងប្រយោលមកលើប្រទេសជប៉ុន”។
គួររំម្លឹកផងដែរថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍នេះប្រកាសជាផ្លូវការដាក់បញ្ចូលក្រុមហ៊ុន Huawei របស់ចិន ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលបានអនុម័តភ្លាមៗ ចំពោះការរឹតបន្តឹងនេះ ដែលនឹងធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei ដើម្បីធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុននៅក្នុងប្រទេសអាមេរិក៕