ធនាគារ “ANZ​ Royal” របស់អ្នកឧកញ៉ា គិត ម៉េង នឹងប្តូរឈ្មោះទៅជា “J Trust Royal” នៅខែសីហា

1504

ទីក្រុងតូក្យូ ប្រទេសជប៉ុន៖  បានអះអាងថា ធនាគារ ANZ Royal នឹងប្តូរទៅជា J Trust Royal វិញនៅកំលុងខែសីហា ឆ្នាំ២០១៩ នេះបើតាមការអះអាងរបស់ លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៍ J Trust Bank ដែលជាម្ចាស់ភាគហ៊ុនដ៏ធំមួយរបស់ធនាគារ ANZ Royal របស់អ្នកឧកញ៉ា គិត ម៉េង។

លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា ប្រកាសបែបនេះក្នុងពេលរូបលោក បានអញ្ជើញចូលជួបសម្តែងការសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ក្នុងជំនួបនោះ លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា បានជំរាបសម្តេចតេជោដែរថា កន្លងទៅខាងធនាគារ ANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែធនាគារចេត្រាសធ៍ រ៉ូយ៉ាល់ J Trust Royal  នឹងផ្តល់ប្រាក់កម្ចី ឬឥណទានទៅក្រុមហ៊ុនខ្មែរ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឱ្យលោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា ជួយដល់ក្រុមហ៊ុនខ្មែរ ដែលតម្រូវការឥណទាន។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្រុមហ៊ុនចេត្រាសធ៍ J Trust របស់ជប៉ុន ដែលបានទៅបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕