ភ្នំពេញ៖ ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ច នាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធីហើយ ក្រោមអំណាចដីកាបង្គាប់ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង។
លោក គិត ធាង ដែលមានងាជាឧកញ៉ា នៅឡើយ ត្រូវបានជាប់ចោទពីបទ “ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់ នូវសារជាតិញៀន និងបទសមគំនិត” ដែលធ្វើឡើងនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីត្រូវបានបញ្ចូនទៅ ទៅកាន់តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩។
គួររំម្លឹកផងដែរថា ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឱ្យឃើញ ហើយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) កាលពីព្រឹកថ្ងៃទី១១ ខែមីនា៕