ឯណា​ទៅពាក្យថា “​គ្មានទេ រថយន្ត​ធុន​ធំ​ចូល​ក្រុង​ពេល​ថ្ងៃ​” របស់លោក ឃួ​ង ស្រេង​?

2169

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ដែលជា​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា “​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃនេះ​ទៅ មិនមាន​ការអនុញ្ញាត​ឲ្យ​ចេញចូល​រាជធានី​ភ្នំពេញ នៅពេល​ថ្ងៃជា​ដាច់ខាត ពោលគឺ​ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង​៩​យប់​” នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ។​

ការលើកឡើង​របស់លោក ហាក់ដូចជា​គ្មាន​អ្នកណា យកចិត្ត​ទុក្ខ​ដាក់​ស្ដាប់ និង​ធ្វើ​ឡើយ ជាពិសេស​អាជ្ញាធរ នៅក្រោម​បង្គាប់​របស់លោក ដែល​ធ្វើ​ឲ្យ​មហាជន និង​សារព័ត៌មាន​រិះគន់​លោក ឃួ​ង ស្រេង គ្មាន​ប្រណី​ដៃ និង​រហូតដល់​មាន​គេ​ប្រៀបធៀប​លោក ឃួ​ង ស្រេង ទៅនឹង​សត្វ​ធាតុ​ទៀតផង​។​

​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​មាន​ងារ​ជា​ទេសរដ្ឋមន្ត្រី បាន សរសេរ​តាម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នេះ ថា “​និយាយ​តាម​ត្រង់​ខ្ញុំ​ពិតជា​ខ្មាស​គេ​ជំនួស​លោក​ចៅហ្វាយក្រុង​ខ្លាំងណាស់ បើជា​ខ្ញុំ​វិញ ខ្ញុំ​ចុះ​ពី​តំណែង​ហើយ ! ថ្ងៃនេះ​ឡានធំ​បុក​គេ​ស្លាប់ នៅ​ស្ទឹងមានជ័យ​កាលពី​ព្រឹក​មិញ​! សួរថា​តើ​ស្ដាប់​សម្ដី​ចៅហ្វាយក្រុង និង​ស្ដាប់​សម្លេង គី​គី ព្រុស មួយណា​ល្អ​ជាង ? គី​គី ព្រុស​មាន​ប្រយោជន៍​ណាស់ ព្រោះ​ចោ​វា​ខ្លា​ចវា​អាច​រត់​“​។​

បើលោក ឃួ​ង ស្រេង បានអានសាររបស់ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង នោះលោកពិតជាឈឺចាប់ណាស់ ចំពោះការប្រើពាក្យបែបនេះ។ តែណាស់ហើយ លោក ឃួ​ង ស្រេង កុំឈឺចាប់ធ្វើអ្វី ក្រែងវាកើតទៅជា depression កាន់តែធ្ងន់ធ្ងរថែមទៀត។

​ជាការ​ពិតណាស់ រថយន្ត​ធុន ធំ​ដឹកទំនិញ និង​ក្រឡុក​ស៊ីម៉ង់ បាន​បង្ក​គ្រោះថ្នាក់​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ ទើប​បង្ក​ទៅជា​កំហឹង​នាំ​ឲ្យ​មានការ​រិះគន់​បែបនេះ ក៏ប៉ុន្តែ​ការរិះគន់​ទាំងនេះ លោក ឃួ​ង ស្រេង គួរតែ​ទទួលយក​ទៅពិនិត្យ និង​ចាប់​ផ្ដើមធ្វើ​ឲ្យ​បាន ចំពោះ​ពាក្យសម្ដី ដែល​ខ្លួន​បាន​និយាយ​រួចមកហើយ​នោះ នោះ​កា​រិះគន់ វា​នឹង​រលាយ​ទៅដោយ​ឯកឯង​៕