ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសថា កម្ពុជាពុំមានកិច្ចព្រមព្រៀងសម្ងាត់ ឬចំហរណាមួយ ជាមួយភាគីចិន ឱ្យតាំងមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិកឡើយ និងបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដើម្បីបំភ្លឺចំពោះការប្រឌិតព័ត៌មានរបស់សារព័ត៌មានបរទេសកន្លងមក។
ការបញ្ជាក់បែបនេះ របស់ក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការផ្សព្វផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀងឱ្យចិន តាំងមូលដ្ឋានទ័ពនៅកម្ពុជានេះ គឺជាព័ត៌មានប្រឌិត ក្លែងបន្លំ (Fake News) ដែលគ្មានវិជ្ជាជីវៈរបស់សារព័ត៌មាន និងមានចេតនាបំផ្លាញដល់សន្តិសុខរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តទៀតថា កម្ពុជាមិនត្រូវការវត្តមានកងទ័ពបរទេសណាមួយមកលើដីរបស់ខ្លួនឡើយ ហើយកងទ័ពកម្ពុជាពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថែរក្សាការពារទឹកដីរបស់ខ្លួន។
ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសចិន បានឆ្លើយបដិសេធតបទៅនឹងការចេញផ្សាយរបស់ សារព័ត៌មាន The Wall Street Journal ដែលថា៖ “ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឆ្លើយតបទៅនឹងការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal ថា៖ “នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុត ប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃទី២២ កក្កដា បានបញ្ជាក់ប្រាប់ថា ចិន និងកម្ពុជា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស ហើយកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងដោយបើកចំហ តម្លាភាព ស្មើភាព និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយរឿងបែបនេះ មិនត្រូវបានបកស្រាយបំផ្លើសលើសពីការពិតនោះទេ។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ លោក Wu Qian បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ថា ប្រទេសចិន មិនបានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាប្រទេសចិន ឈរជើងនៅមូលដ្ឋានសមុទ្រ របស់ប្រទេសកម្ពុជានោះឡើយ។ វាគឺជាពាក្យ ចចាមអារ៉ាម និងជារបាយការណ៍មិនពិត។ ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នា ព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ៕