ភ្នំពេញ៖ នៅក្នុងវេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំឡើងនៅទីស្តីការក្រសួងថ្ងៃទី២៦ ខែកុម្ភៈនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ថ្មីៗនេះកម្ពុជាបាននាំចេញបន្លែស្រស់ ទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានជាង៣៣តោន ដែលនេះជាមោទនភាព នៃការសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលក៏ដូចជារបស់ក្រសួង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញលើកកម្ពស់សក្តានុពល ក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។
គួររម្លឹកផងដែរថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាបាននាំចេញចេកអំបូងលឿងជាង១ម៉ឺនតោន និងស្វាយកែរមៀតប្រមាណជាង១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ សម្រាប់ដំណាំស្រូវវិញ កម្ពុជាបានផលិតស្រូវបាន ១០.៨លានតោន ហើយបានធ្វើការនាំចេញអង្ករបាន ៦២៦ពាន់តោន។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ក្រសួងបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំ មានផលិតភាពខ្ពស់ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់ លើកកម្ពស់ការនាំចេញ។

ទន្ទឹមនឹងនេះដែរ នៅក្នុងវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា៖
- ផលិតភាពនៅមានកម្រិតទាបទាំងបរិមាណ និងគុណភាព
- ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ
- យន្តការសម្រួលការនាំចេញនៅមិនទាន់មានភាពប្រទាក់ក្រឡា
- ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗទៅដល់កសិករ និងសហគមន៍ដែលនៅឆ្ងាយនៅមានកម្រិត
- កង្វះយន្តការផ្សារភ្ជាប់ទីផ្សារជាមួយនឹងផែនការដាំដុះ និងប្រមូលផល
- ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់រឹងមាំ
- កង្វះយន្តការផ្តល់ព័ត៌មានទីផ្សារ
- កង្វះផែនការដាំដុះ
- ការកំណត់តំបន់ដាំដុះឱ្យត្រូវតាមសក្តានុពលដី
- កង្វះហេដ្ឋារចនាសម្ព័ន្ធ តម្លៃអគ្គិសនី ប្រព័ន្ធស្រោចស្រពនៅពុំទាន់បានគ្របដណ្តប់លើផ្ទៃដីដាំដុះ
- ការដាំដុះនៅមានការពឹងពាក់លើទឹកភ្លៀង។ល។

ភ្ជាប់ជាមួយបញ្ហាទាំងអស់នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបាន និងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ជាបន្តបន្ទាប់ ជំហានៗជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍសហគមន៍ វិស័យឯកជន ហើយលោកស្នើសុំភាគីគ្រប់ពាក់ព័ន្ធបន្តសហការឲ្យបានពេញលេញ ចូលរួមរិះរកវិធានការ ឬមធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនឡើងថែមទៀត៕
