លោកនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាកាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិនបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសចិន ជាបងប្អូនដែលមានមិត្តភាពជាដែកថែប នៅក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩។

មេបញ្ជាកាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន សង្ឃឹមថាប្រទេសទាំងពីរចិន-កម្ពុជា នឹងបន្តពង្រឹង ពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ក្រោមយុទ្ធសាស្ត្រចង្អុលទិសរបស់ ប្រធានាធិបតី ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកឧត្តមសេនីយ៍ឯក បានបន្តថា កិច្ចពិភាក្សានេះ គឺជាការរក្សាការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។

សូមជម្រាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅ ក្នុងសាធារណរដ្ឋប្រជាមានិតចិននាឱកាសនោះ ភាគីកម្ពុជា នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពរំដោះប្រជាជនចិនរួមមាន៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, អនុប្រធានគណៈកម្មការយោធាមជ្ឈឹម នៃកងទ័ពរំដោះប្រជាជនចិន, មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនរូបទៀត៕
