ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បញ្ជាក់ប្រាប់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសហត្ថលេខីទាំង២។
តើមានអត្ថប្រយោជន៍អ្វីខ្លះ?
អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ថា កិច្ចព្រមព្រៀងនេះផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ, និងការការពារចំណូលពន្ធក្នុងស្រុកតាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធ រវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ត្រូវបានចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
មិនមែនមានតែ ប្រទេសម៉ាឡេស៊ីទេ កម្ពុជា ក៏បាននិងកំពុងធ្វើការចរចា លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល ជាមួយបណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា ហ្វីលីពីន, កូរ៉េ, ជប៉ុន, តួកគី, និងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាដើម៕