ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំផ្ទុកមេរោគ Covid-19 ទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Thestar នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ការប្រកាសបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានធ្វើការព្យាបាលស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID-19 ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។
ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកស្រី Wan Azizah បាននិយាយថា ស្រ្តីវ័យ៨៣ឆ្នាំម្នាក់នោះ ត្រូវបានធ្វើតេស្តជាច្រើនលើកដើម្បីពិនិត្យរកមើល COVID-19 ហើយលទ្ធផលបានបង្ហាញចេញមកថា គាត់ពុំមានផ្ទុកវីរុសនេះទេ។
យ៉ាងណាមិញ លោកស្រី Wan Azizah បានបញ្ជាក់ដូច្នេះថា «ការធ្វើតេស្តប៉ុន្មានលើកចុងក្រោយទៅលើគាត់បានបង្ហាញលទ្ធផលអវិជ្ជមាន»។
ស្រ្តីជនជាតិអាមេរិកខាងលើបានធ្វើដំណើរលើកប៉ាល់ទេសចរណ៍ខ្នាតធំ MS Westerdam ជាមួយស្វាមីរបស់គាត់ ដែលមានអាយុ៨៥ឆ្នាំ។ កប៉ាល់ទេសចរណ៍នោះ ត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីសប្តាហ៍មុនក្រោយនៅតែលតោលលើផ្ទៃសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយសារប្រទេសនិងកោះមួយចំនួនមិនព្រមឲ្យចូលចត ព្រោះខ្លាចមានអ្នកឆ្លង COVID-19 នៅលើនោះ។
ក្រោយចុះពីលើកប៉ាល់នៅកម្ពុជា គាត់និងស្វាមីបានធ្វើដំណើរតាមជើងហោះហើរពិសេសមួយ ដែលផ្ទុកអ្នកដំណើរសរុប១៤៥នាក់ ឆ្ពោះមកកាន់ទីក្រុងគូឡាឡាំពួ ហើយពេលមកដល់អ្នកទាំងពីរក៏បានបង្ហាញរោគសញ្ញាសង្ស័យនៃ COVID-19។ ខាងម៉ាឡេស៊ីបានអះអាងថា ការធ្វើតេស្ត ពីរលើកទៅលើស្រ្តីម្នាក់នោះបានបង្ហាញថា គាត់មានផ្ទុក COVID-19 ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យ Sungai Buloh ប៉ុន្តែបែរជាលទ្ធផលធ្វើតេស្តលើប្តីគាត់គឺមិនមានផ្ទុក COVID-19 នោះទេ។
កម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងចំពោះការរកឃើញរបស់ម៉ាឡេស៊ីនេះ ដោយសារតែខ្លួនបានសហការជាមួយអង្គការសុខភាពពិភពលោក ពិនិត្យគ្រប់អ្នកដំណើរទាំងអស់ ប៉ុន្តែមិនមានវីរុកូរ៉ូណាឡើយ។ ជាមួយគ្នានេះកម្ពុជា ក៏ដូចជាក្រុមហ៊ុននាវា Westerdam ក៏បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យម្តងទៀតទៅលើស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំនោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ការធ្វើតេស្ដរបស់ម៉ាឡេស៊ី ទៅលើស្ដ្រីជនជាតិអាមេរិកាំងម្នាក់ ដែលធ្វើដំណើរចេញពីនាវា Westerdam ក្នុងប្រទេសកម្ពុជា ឆ្ពោះទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី មានផ្ទុកមេរោគ Covid-19 គឺ«មានភាពមិនប្រក្រតី»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានបញ្ជាក់ និងបង្ហាញហេតុផលមួយចំនួន បង្ហាញពីភាពមិនប្រក្រតី ទៅលើការធ្វើតេស្ដស្ដ្រីជនជាតិអាមេរិកាំង ពីសំណាក់អាជ្ញាធរម៉ាឡេស៉ី។ លោកថា បើសិនជាស្ដ្រីរូបនេះឆ្លង Covid-19 មែននោះ មនុស្សដែលនៅលើនាវា Westerdam ជាង២,០០០នាក់ ក៏ត្រូវមានខ្លះឆ្លងជំងឺនេះផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រោយការធ្វើតេស្ដគ្រប់គ្នាបង្ហាញថា ពុំមានមនុស្សណាម្នាក់ទាំងភ្ញៀវទេសចរ ឬអ្នកបម្រើការងារនៅលើនាវាឆ្លងនោះឡើយ។
ហេតុផលមួយទៀត លោក លី សុវណ្ណ បានបញ្ជាក់ថា បើគិតតាំងពីថ្ងៃចេញដំណើរពីទីក្រុងហុងកុងទី១ ខែកុម្ភៈនោះ ការធ្វើតេស្ដទៅលើស្ដ្រីជនជាតិអាមេរិកាំងរូបនេះ ច្បាស់ជារកឃើញថា ឆ្លងជំងឺនៅពេលដែលធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង ១០ថ្ងៃនោះ ប៉ុន្តែឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់ក្រុមគ្រូពេទ្យលើវានា និងគ្រូពេទ្យរបស់កម្ពុជាបង្ហាញថា មិនមានវីរុសកូរ៉ូណានោះឡើយ។
លោកបានបញ្ជាក់ថា «យោងតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់មន្រ្តីជំនាញយើង យោងតាមវិធានការអនុវត្តន៍ក្នុងការបង្ការ និងឆ្លើយតបជំងឺកូរ៉ូណា និងយោងតាមលទ្ធផលមន្ទីរពិសោធន៍ កន្លងមកនេះ បញ្ជាក់ថា លទ្ធផលមន្ទីរពិសោធន៍វិជ្ជមានលើស្ត្រីជនជាតិអាមេរិក ដោយមន្ទីរពិសោធន៍ប្រទេសម៉ាឡេស៊ី មានភាពមិនប្រក្រតី ដែលតម្រូវឱ្យមានការធ្វើតេស្ត ឡើងវិញតាមស្តង់ដាអន្តរជាតិ Pasteur CAMBODIA, WHO ឬ ក៏ USCDC។ ទោះបីជាការធ្វើតេស្តមន្ទីរពិសោធន៍លទ្ធផលមិនប្រក្រតី យើងនៅតែបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនបំផុត នូវអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដោយយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញ WHO, USCDC និង Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ក្នុងការបង្ការ និងឆ្លើយតបជំងឺកូរ៉ូណាវីរុសនៅព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមគ្នានេះ ខាងមន្ដ្រីអង្គការសុខភាពពិភពលោក ក៏បានងឿងឆ្ងល់ផងដែរ ចំពោះលទ្ធផលវិជ្ជមាន ដែលម៉ាឡេស៉ី បានរកឃើញទៅលើស្ដ្រីជនជាតិ អាមេរិកាំងម្នាក់នេះ ដោយសារតែពួកគេរួមទាំងមន្ដ្រីជំនាញសុខាភិបាលរបស់ស្ថានទូតអាមេរិក និងមន្ដ្រីសុខាភិបាលកម្ពុជា បានរួមគ្នាធ្វើកិច្ចការងារនេះ ទៅលើក្រុមភ្ញៀវទេសចរ តែបង្ហាញថា គ្មាននរណាម្នាក់ឆ្លងមេរោគ Covid-19 នោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក លី សុវណ្ណ៕