ក្រោយពី ម៉ាឡេស៊ី បានប្រកាសថា ខ្លួនធ្វើតេស្ដរកឃើញមេរោគ កូរ៉ូណាថ្មី (Covid-19) នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងម្នាក់ វ័យ៨៣ឆ្នាំ ដែលចូលមកកម្ពុជា តាមនាវា Westerdam ហើយហោះចូលទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីហោះបន្តទៅកាន់ប្រទេសរបស់ខ្លួនរួចមក បានធ្វើឱ្យប្រទេសជាច្រើន មិនបានផ្តល់ទិដ្ឋាការ ដល់អ្នកដំណើរតាមនាវា Westerdam ឡើយ បីទោះជាមានការអន្តរាគមន៍ ពីប្រទេសរបស់ពួកគេក៏ដោយ។ រហូតមកដល់ពេលនេះ មានអ្នកដំណើរ ប្រមាណជាង១០០នាក់ទៀត មិនទាន់ចាកចេញពីកម្ពុជាអស់នៅឡើយទេ។
រាជរដ្ឋាភិបាលកម្ពុជា, ក្រុមហ៊ុននាវា Westerdam រួមទាំងអង្គការសុខភាពពិភពលោក មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែភាគីពាក់ព័ន្ធទាំងអស់ បានពិនិត្យយ៉ាងម៉ត់ចត់ចំពោះលើករណីនេះ។
មូលហេតុដែលនាំឲ្យមិនជឿ នោះគឺដោយសារតែ ម៉ាឡេស៊ី ពិនិត្យឃើញថា ប្តីរបស់ស្រ្តីចំណាស់ម្នាក់នោះ ពុំមានឆ្លងជំងឺកូរ៉ូណាទេ ហើយអ្នកដំណើរមួយចំនួន តាមយន្តហោះដែលទៅកាន់ម៉ាឡេស៊ី ជាមួយស្រ្តីរូបនោះ ក៏មិនមានឆ្លងដែរ។ ជាងនេះទៅទៀត ស្រ្តីវ័យ៨៣ឆ្នាំ ពុំមានរោគសញ្ញាអ្វីទាំងអស់ពេល ចូលមកកម្ពុជា ខណៈដែលគាត់បានវិលវល់នៅលើនាវារយៈពេល២សប្តាហ៍មកហើយ ជាមួយគ្នានេះអ្នកដំណើរផ្សេងទៀត នៅលើនាវា ក៏មិនមាននរណាម្នាក់បានឆ្លងជំងឺនេះដែរ ទោះបីជាប្រាស្រ័យទាក់ទងគ្នា ២សប្តាហ៍ហើយក៏ដោយ។
ភាគីទាំងអស់បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ធ្វើតេស្តម្តងទៀតឲ្យបានម៉ត់ចត់បំផុត ទៅលើស្រ្តីជនជាតិអាមេរិកាំងរូបនោះ, ហើយនៅទីបំផុត ! បន្ទាប់ពីមានការទាមទារម្តងហើយម្តងទៀតនោះ ម៉ាឡេស៊ីបានសម្រេចពិនិត្យជាថ្មី ទៅលើស្រ្តីជនជាតិអាមេរិកាំងដដែលនោះ ដោយលទ្ធផលត្រូវបានប្រកាសនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា គាត់គ្មានមេរោគកូរ៉ូណាថ្មី Covid-19 ឡើយ។
ការប្រកាសលទ្ធផលថ្មី «អវិជ្ជមាន» លើខ្លួនស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃនេះ បានធ្វើឱ្យសាធារណជននៅលើពិភពលោក មិនជឿ និងមិនអស់ចិត្ត ដែលម៉ាឡេស៊ីកន្លងមកបានប្រកាសថា រកឃើញករណីកូរ៉ូណាថ្មី នៅលើខ្លួនអ្នកដំណើរ Westerdam កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនោះ។ សាធារណជនបានលើកឡើងថា ករណីនេះអាចជារឿងនយោបាយ មិនមែនជារឿងបច្ចេកទេសទេ។
ការប្រកាសរបស់ម៉ាឡេស៊ីអំពីការរកឃើញជំងឺកូរ៉ូណាថ្មី លើអ្នកដំណើរ Westerdam នេះមិនត្រឹមតែរារាំងដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមនាវា Westerdam ទាំងនោះទេ ថែមទាំងធ្វើឱ្យពិភពលោកមើលស្រាល ចំពោះគុណភាពសុខាភិបាលកម្ពុជា ដែលការពិនិត្យនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) រួមនឹងសហរដ្ឋអាមេរិក ហើយក៏បានវាយប្រហារបំបាក់មុខ និងបំផ្លាញដល់ទឹកចិត្តមនុស្សធម៌ ដែលកម្ពុជាបានផ្តល់ជូនអ្នកដំណើរជាង២២០០នាក់នៅលើនាវា ខណៈដែលប្រទេសចំនួន៤ និងកោះចំនួន២ បានបដិសេធមិនឱ្យចូលចតជាដើម។
ឥឡូវលទ្ធផលថ្មី «អវិជ្ជមាន» Covid-19 នៅលើខ្លួនស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ដែលបង្ហាញជាថ្មីនៅថ្ងៃនេះគឺជារឿងអាម៉ាស់សម្រាប់ក្រសួងសុខាភិបាលម៉ាឡេស៊ី និងរដ្ឋាភិបាលម៉ាឡេស៊ី ហើយជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់កម្ពុជា និងលើកកម្ពស់តម្លៃមនុស្សធម៌របស់ពិភពលោកឡើងវិញ។ ប៉ុន្តែអ្វីដែលគេរង់ចាំមើលនោះ គឺការទទួលខុសត្រូវរបស់រដ្ឋាភិបាលម៉ាឡេស៊ី ទៅលើភាពមិនច្បាស់លាស់ក្នុងការត្រួតពិនិត្យរបស់ខ្លួន បណ្តាលឱ្យមានការខកខានដល់ដំណើរវិលត្រឡប់របស់អ្នកដំណើរទេសចរណ៍តាមនាវា Westerdam និងប៉ះពាល់ដល់ទឹកចិត្តមនុស្សធម៌របស់កម្ពុជា។
ត្រង់ចំណុចនេះ ម៉ាឡេស៊ីគួរធ្វើអ្វីម្យ៉ាងទៅកាន់អ្នកដំណើរតាមនាវា Westerdam ដែលមានរហូតដល់៤១សញ្ជាតិនៅលើពិភពលោក ដែលអ្នកខ្លះបានទៅដល់ប្រទេសរបស់ខ្លួនរួចហើយ ចំណែកអ្នកខ្លះទៀតមិនទាន់បានចាកចេញពីកម្ពុជានៅឡើយដោយសារ តែទទួលរងផលវិបាកពីការប្រកាសរបស់ប្រទេសម៉ាឡេស៊ីនេះ៕