ភ្នំពេញ៖ ភ្លើងសេ្នហ៍រវាងលោក នៅ ស៊ីនឿន និងកញ្ញា ដូមីនិក បានឆាបឆេះឡើង ដោយគ្មានអ្នកណាអាចពន្លត់បាន នៅពេលដែល លោក នៅ ស៊ីនឿន ចេញទៅសម្តែងនៅបរទេស កាលពីប៉ុន្មានខែមុន រហូតឈានដល់បានភ្ជាប់ពាក្យនឹងគ្នា កាលពីពេលថ្មីៗកន្លងទៅនេះ ហើយគ្រោងនឹងរៀបការនៅចុងឆ្នាំ២០១៩ ថែមទៀតផង។
តើភ្លើងស្នេហាមួយនេះ មានចាប់ផ្តើមឆេះឡើងបានដោយរបៀបណា ?
តារាចម្រៀងនៅផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន បានរៀបរាប់ឱ្យដឹងពីប្រវត្តិដែលនាំឱ្យលោក និងគូដណ្ដឹងបានទាក់ទងសាងស្នេហានឹងគ្នា នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន យ៉ាងអធិកអធមកាលពីចុងខែធ្នូកន្លងទៅថា ហេតុផលដែលនាំឱ្យលោក និងកញ្ញា ដូមីនិក ស្រឡាញ់គ្នា គឺដោយសារតែកាលពីដើមឆ្នាំ២០១៨ ក្នុងពេលទៅច្រៀងលើកដំបូង នៅលើទឹកដីសហរដ្ឋអាមេរិក លោកបានជួបនាង ។ ដោយសារតែសម្រស់ និងភាពរួសរាយរាក់ទាក់របស់នាង ធ្វើឱ្យលោកកត់សម្គាល់ ហើយតាមសុំស្គាល់។

លោក នៅ ស៊ីនឿន បានប្រាប់ថា៖ “ខ្ញុំរមែងឆាតសួរសុខទុក្ខ និងបង្កបរិយាកាសរីករាយឱ្យនាងជាប្រចាំ ។ រហូតដល់អំឡុងខែមេសាក្នុងឆ្នាំ២០១៨ដដែល ខ្ញុំក៏មានឱកាសទៅច្រៀងនៅលើទឹកដីសហរដ្ឋអាមេរិកម្ដងទៀត ហើយក៏កាន់តែជិតស្និទ្ធជាមួយនាង និងឈានដល់ការចែចូវ ដល់ចាស់ទុំតែម្ដង ។”
លោក បានបន្តទៀតថា៖ “ខ្ញុំស្គាល់នាងតែប៉ុន្មានខែប៉ុណ្ណោះ ក៏ហ៊ានសារភាពថាស្រឡាញ់ និងចង់បាននាងជាភរិយា ហើយក្នុងពេលជួបនាងម្ដងទៀតនៅអាមេរិក ក៏សុំស្ដីដណ្ដឹងនាងតែម្ដង ដោយសារតែមាននិស្ស័យ និងការដក់អារម្មណ៍ខ្លាំងឡើង។”

ក្រោយពេលរៀបការរួចលោកនៅ ស៊ីនឿន ចង់រស់នៅស្រុកខ្មែរដោយសារមានកេរ្តិ៍ឈ្មោះ និងមានមុខរបរសិល្បៈស្រាប់ ។ ដូចនេះហើយទើបលោកស្ទាក់ស្ទើរចិត្ត គួរតែទៅនៅ ឬមិនទៅ ។
តែលោក នៅ ស៊ីនឿន ថា៖ “ប៉ុន្តែបើយើងដាក់ចិត្តស្រឡាញ់នារីម្នាក់ចេញពីបេះដូង ខ្ញុំតាមចិត្តគាត់ ហើយសុខចិត្តធ្វើតាមអ្វី ដែលនាងសំណូមពរ“។
ចំណែកកញ្ញា ដូមីនិក ក្នុងវ័យទើបតែ ២១ឆ្នាំវិញ បាននិយាយថា “នាងខ្ញុំមិនប្រចណ្ឌគូដណ្តឹងក្នុងអាជីពសិល្បៈទេ ព្រោះយល់ពីរឿងបែបនេះ ។ លើសពីនេះក៏មិនហាមឲ្យគាត់ បោះបង់សិល្បៈចោលដែរ ព្រោះតស៊ូយូរមកហើយរហូតបានដូចសព្វថ្ងៃ”៕
