ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្ដរីកចំរើនល្អ ហើយការបន្ដរឹងមាំ និងរីកចំរើននេះ គឺផ្អែកទៅលើកត្តា ៤យ៉ាង។ នេះគឺជាទស្សនៈយល់ឃើញរបស់លោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រាប់ទៅសារព័ត៌មានហ្វេសញ៉ូ កាលពីពេលថ្មីៗនេះ។
លោកបានលើកឡើងថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាការណ៍ថា នឹងត្រូវការអភិវឌ្ឍសាងសង់ផ្ទះល្វែង ជារៀងរាល់ឆ្នាំ ព្រោះបច្ចុប្បន្ននៅរាជធានីភ្នំពេញ នៅខ្វះខាតលំនៅដ្ឋាន ដើម្បីបំពេញតម្រូវការ ក្នុងការរស់នៅរបស់ប្រជាជន នៅឡើយ។

មូលហេតុដែលនាំឲ្យលោក ច្រឹក សុខនីម ហ៊ានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែរីកចំរើន និងរឹងមាំ គឺសំអាងលើកត្តាសំខាន់ៗ ៤យ៉ាង ដូចខាងក្រោមនេះ៖
កត្តាទី ១៖ ស្ថេរភាពនយោបាយនៅប្រទេសកម្ពុជាមានភាពល្អប្រសើរ។ តាមការសិក្សា វដ្ដនៃវិស័យអចលនទ្រព្យ នៅក្នុងតំបន់អាស៊ី ប្រែប្រួលក្នុងរយៈពេល ២៥ឆ្នាំម្ដង ទើបវិលត្រលប់ចុះបន្តិចបន្តួចវិញ។ នៅកម្ពុជា ទើបតែរីកចំរើនបានប្រហែល ១០ឆ្នាំ ប៉ុណ្ណោះ។
កត្តាទី ២៖ ការវិវត្តទៅមករបស់វិស័យអចលនទ្រព្យ ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរក្សាដដែលក្នុងវិស័យនេះ។

កត្តាទី ៣៖ គ្មានការព្រួយបារម្ភអំពីរឿងនយោបាយ សម្រាប់អ្នកវិនិយោគ ហើយប្រជាពលរដ្ឋនៅតែបន្តទិញលក់ដី។
កត្តាទី ៤៖ ការផ្ដល់ឥណទានពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីវិនិយោគលើវិស័យដីធ្លី នៅតែបន្ត និងមានការលើកទឹកចិត្ត។
លោក ច្រឹក សុខនីម បានធ្វើការព្យាករណ៍ថា នៅឆ្នាំ២០១៩ វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងមានកំណើនជាមធ្យម ១៥ភាគរយ៕