ខេត្តព្រះសីហនុ៖ រថភ្លើងស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញ ពីប្រទេសម៉ិកស៊ិក បានដឹកមកដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងបានស្ទូចដាក់លើផ្លូវរថភ្លើង រួចរាល់អស់ កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នេះហើយ។
រថភ្លើងស៊េរីទំនើបនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើប ដូចជា៖ ទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធ WiFi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ និងរត់បានល្បឿនលឿន ដោយចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
គួររំលឹកថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway បានដាក់ឱ្យដំណើរការ រថភ្លើងធុនស្រាលដឹកអ្នកដំណើរ ពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាទូទៅក្នុងមួយថ្ងៃ ជើងរថភ្លើងនេះ អាចរត់បានជាមធ្យម ២០ជើង៕