ភ្នំពេញ៖ អ្នកណាក៏ស្គាល់ ផ្លូវនាងគង្ហីង ឬស្ដុបនាងគង្ហីងដែរ ដោយសារតែមានរូបសំណាក់ ព្រះនាងគង្ហីងធរណី ដាក់តាំងបង្ហាញនៅទីនោះ។ ពីមុនជារង្វង់មូលនាងគង្ហីង បន្ទាប់មកដោយមើលឃើញពីបញ្ហាកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការលុបរង្វង់មូលចោល ដោយប្តូរទីតាំង នាងគង្ហីង មកនៅកន្លែងរបងវត្តព្រះពុទ្ធមានបុណ្យវិញ ពោលគឺស្ថិតនៅកែងផ្លូវទេពផន បត់ស្ដាំឡើងទៅមហាវិថីព្រះមុន្នីរ៉េត។
ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញ និងសម្រេចរំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មីមួយទៀត ដើម្បីពង្រីកផ្លូវបន្ថែមសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដោយមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យលើទីតាំង និងសិក្សាពីលទ្ធភាព លើការងាររំកិល រូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ដែលនៅក្បែរស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អ ប្រព័ន្ធចរាចរឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ជៀស ការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរផងដែរ កាពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់នាងគង្ហីង នឹងមានការលើកកម្ពស់នាងគង្ហីង ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ។
លោក សាំ ពិសិដ្ឋ បន្តថា នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមានលក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត៕