ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា នឹងអាចបើកការដ្ឋានសាងសង់ នៅក្នុងអំឡុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ។ លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។

លោកទេសរដ្ឋមន្រ្តីបន្តថា គ្រឿងចក្រ នឹងមកដល់នៅដំណាច់ខែមករាខាងមុខនេះ ឯអ្នកបច្ចេកទេស-វិស្វកម្មចិនប្រហែលបានមកដល់អស់ហើយ តែខាងរដ្ឋាភិបាល មិនទាន់បានដោះស្រាយផលប៉ះពាល់ លើបញ្ហាដីធ្លីរួចរាល់នៅឡើយទេ និងកំពុងតែរៀបចំជំរុញការងារនេះ ដើម្បីអាចបើកការដ្ឋានបាន។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នេះ គ្រោងនឹងចំណាយថវិកាប្រមាណ ១៩០០លានដុល្លារ ទទួលការសាងសង់ដោយក្រុមហ៊ុនចិន ក្នុងរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

គម្រោងផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ ៤រាជធានីខេត្ត រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពី, ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។ ស្ដង់ដារផ្លូវល្បៀនលឿននេះ គឺក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវរថយន្ត (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំងមានស្ពាន ៨៩កន្លែង។
ផ្លូវល្បឿនលឿននេះ មានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង។ ផ្លូវនេះក៏មានរបងអមតាមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសំឡេងរំខាន សរុបប្រហែល ៥៧,១៩គីឡូម៉ែត្រ ព្រមទាំងមានកន្លែងមនុស្ស និងសត្វព្រៃឆ្លងកាត់ចំនូន ៣៥២កន្លែងផងដែរ៕