ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោក លឺ ឡាយស្រេង អាចវិលត្រលប់មកប្រទេសកំណើតវិញ ខណៈដែលសម្ដេចអញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៣,២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា នឹងគ្មានការចោទប្រកាន់ទៅលើរូបលោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ច កុំអោយចាប់ចងរូបលោកទៀតផង បន្ទាប់ពីកាលថ្មីៗនេះ សម្តេចតេជោ បានឃើញ ព័ត៌មានតាមរយៈបាងកកប៉ុស្ត៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែងពី សម្តេចតេជោ ដើម្បីបានវិលត្រឡប់ចូលមករស់នៅ សម្រាប់ជីវិតចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសកំណើត។

លោក លឺ ឡាយស្រេង បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា៖ “គួរឲ្យស្រណោះចាស់ម្នាក់ ធ្វើខុសបន្តិចបន្តួចរត់មកនៅប្រទេសគេ ហើយប្រទេសគេនេះមិនដូចប្រទេសយើង នឹកបងប្អូនណាស់ នឹកប្រទេសជាតិណាស់។ មិនដឹងជាថ្ងៃណានឹងបានចូលទៅវិញឬក៏ចោលឆ្អឹងនៅស្រុកគេក៏មិនដឹង ព្រោះចេះតែមានជំងឺមានអីផង។ ខ្ញុំបាននិយាយច្រើនដងហើយ សុំឲ្យសម្ដេចនាយកអនុគ្រោះនិយាយខុសត្រូវអី ខុសអីតិចតួចហ្នឹងទុកជាមោឃៈទៅ។ អនុញ្ញាតឲ្យខ្ញុំទៅស្រុកវិញទៅពីព្រោះខ្ញុំបានបម្រើជាមួយសម្ដេចហ្នឹង ៣ អាណត្តិមកហើយ ខ្ញុំបាននិយាយច្រើនដងហើយរឿងហ្នឹង។”
ចំណែកនៅក្នុងវីដេអូឃ្លីប លោក លឺ ឡាយស្រេង បាននិយាយថា៖ “សម្ដេចអើយ ធ្លាប់ធ្វើការជាមួយគ្នាដែរ គួរណាស់អនុគ្រោះឲ្យខ្ញុំទៅស្រុកវិញទៅ បានទៅរួបរួមជាមួយប្រទេសជាតិ ជាមួយបងប្អូនទាំងអស់។”

គួររំម្លឹកផងដែរថា លោក លឺ ឡាយស្រេង បានជាប់បណ្ដឹងចំនួន ៣ នៅឆ្នាំ ២០១៧ ក្រោយពេលលោកសន្ទនាឯកជនជាមួយ លោកស្រី គី លំអង ដែលបន្ទាប់មកសារសន្ទនានោះ ត្រូវបានបែកធ្លាយ ពីការដែលលោក ប្រមាថដល់អង្គព្រះមហាក្សត្រ។
លោក លឺ ឡាយស្រេង ក៏ត្រូវបានប្ដឹងដោយសម្ដេចតេជោ ហ៊ុន សែន តាមរយៈមេធាវីតំណាង ក្នុងករណីដែលថាសម្ដេចតេជោ បានសូកប៉ាន់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលយកកៅអីទំនេរ ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។
ហើយលោក ក៏ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្ដឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ផងដែរ ដោយសារតែលោកលើកឡើងថា អ្នកដែលទទួលកៅអី ជាតំណែងតំណាងរាស្ត្រ ពីគណបក្សសង្គ្រោះជាតិ ត្រូវផ្ដល់ប្រាក់ ២ ម៉ឺនដុល្លារម្នាក់ ទៅមេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច។
កាលពីដើមឆ្នាំមុន លោក លឺ ឡាយស្រេង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីឲ្យចាញ់បណ្ដឹងរបស់សម្ដេច ហ៊ុន សែន ដោយផ្ដន្ទាទោសឲ្យសងជំងឺចិត្ត ៥០០ លានរៀលដែលស្មើនឹងប្រមាណ ១២ ម៉ឺន ៥ ពាន់ដុល្លារ៕