ភ្នំពេញ៖ រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចេញនូវកំណែទម្រង់ជាកញ្ជប់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ពង្រឹងការប្រកួតប្រជែង និងបង្កើនសមត្ថភាពផលិតកម្ម នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
វិស័យអាទិភាព ដែលទទួលបានការលើកទឹកចិត្ត រួមមានដូចជា៖
- សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត
- ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម
- ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ
- កម្មន្តសាលផលិតទំនិញ បម្រើឱ្យការនាំចេញ
- កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, ការកែឆ្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
- កម្មន្តសាលផលិតនៃផលិតផលសម្រេច ឬលទ្ធផលពាក់កណ្ដាលសម្រេច ឬ ផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត
- ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
- ការអភិវឌ្ឍតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម
គោលនយោបាយកំណែទម្រង់ជាកញ្ចប់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួមមាន៖
- អនុក្រឹត្យលេខ១២៤ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលក្នុងនោះមាន៖ ការលើកលែងពន្ធប្រាក់ចំណូល រយៈពេល ៣ ទៅ៥ឆ្នាំ, ការលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា និងការលើកលែងប្រាក់ចំណាយ ដែលបានកាត់កងបាន ពី១៥០% ទៅ ២០០% ។
- អនុក្រឹត្យទី៥០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលក្នុងនោះរួមមាន៖ ការលើកលែងពន្ធគយ លើសម្ភារៈបរិក្ខារផលិតកម្ម, សម្ភារៈសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់សហគ្រាសផលិត និងផ្គត់ផ្គងទឹកស្អាត, សហគ្រាសបម្រើឲ្យការនាំចេញ និងសហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ។ អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសបម្រើតម្រូវការក្នុងស្រុក ទទួលបានការលើកលែងពន្ធគយលើសម្ភារៈបរិក្ខារផលិតកម្ម និងសម្ភារៈសាងសង់។ សហគ្រាសផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ទទួលបានលើកលែងពន្ធគយ លើសម្ភារបរិក្ខាសម្រាប់តម្លើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនុវានុវត្ត ។
- អនុក្រឹត្យលេខ៥១ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ដីពីការកែសម្រួលអត្រាពន្ធគយ, អត្រា អាករពិសេស និងអត្រាការនាំចេញ ដើម្បីលើកទឹកចិត្តដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម និងការថែរក្សាបរិស្ថាន។
- ការរៀបចំដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ២០១៩ នៅធនាគារសហគ្រាសខ្លួនតូច និងមធ្យមដែលមានកញ្ចប់ទឹកប្រាក់ដំបូងប្រមាណ១០០លានដុល្លារ ចេញពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល ក្នុងការពង្រីកអាជីវកម្ម ក្នុងបង្កើតការងារ ។
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងតែដឹកនាំរៀបចំគោលនយោបាយជាកញ្ចប់ សម្រាប់លើកស្ទួយសហគ្រាសធុនតូច និងមធ្យម ព្រមទាំងពង្រីកឡើងវិញនូវនិយមន័យរួមរបស់ SMEs សម្រាប់ការផ្ដល់ការលើកទឹកចិត្តនានា ឱ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៩នេះ ។ បន្ថែមលើនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានសម្ដេចស្នើឲ្យធ្វើការសិក្សា និងពិនិត្យលទ្ធភាពរៀបចំច្បាប់ស្ដីពីសហគ្រាសធុនតូច និងមធ្យមផងដែរ។
- រាជរដ្ឋាភិបាលបានបង្កើតឡើងនៃ មូលនិធិសហគ្រិនភាព ដែលមានថវិកា៥លានដុល្លារក្នុង មួយឆ្នាំ និង មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ ក្នុងបំណងជួយជាធនធានហិរញ្ញវត្ថុ បច្ចេកទេស. ទំនាក់ទំនងទីផ្សារ, ការផលិត ការបណ្ដុះបណ្ដាល និងការប្រឹក្សាយោបល់ ដល់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនតូចៗ ដែលទើបបានបង្កើតឡើង។
ជាមួយនឹងការដាក់នូវគោលនយោបាយ ជួយដល់សហគ្រាសធុនតូច និងមធ្យម អ្វីដែលរាជរដ្ឋាភិបាលចង់បានពីសហគ្រាសធុនតូច និងមធ្យម មកវិញ គឺការចុះបញ្ជី និងការកាន់បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ។
បន្ថែមទៅលើការដាក់ចេញនូវកំណែទម្រង់នេះ សម្ដេច ហ៊ុន សែន បានស្នើឲ្យមានការបញ្ចុះតម្លៃ នៅកំពង់ផែទាំងពីររបស់កម្ពុជា, តម្លៃអគ្គិសនីនឹងមានការចុះបន្ថែមទៀតនាពេលខាងមុខ, សាងសាងកន្លែងផលិតថាមពលអគ្គិសនីមួយចំនួនទៀត, និងសម្រេចលុបថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃជាដើម៕